ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មិនស្រួលខ្លួនត្រូវបានមិត្តភក្តិហៅឡំប្រឺតាដឹកយកទៅមន្ទីរពេទ្យតែជាអកុសលបានស្លាប់នៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅលើឡំប្រឺតា ខណៈមានអាការមិនស្រួលខ្លួនត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦២ ត្រង់ចំណុចជិត ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់​ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ប៉ៅ ស្រច អាយុ២៣ឆ្នាំ មុខរបរអ្នកបោកអ៊ុត មានស្រុកកំណើតនៅភូមិត្រាំខ្នា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីមិត្តភក្តិរបស់នារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះមានអាការស្លេកស្លាំង និងប្រាប់ថាមិនស្រួលខ្លួន។ បន្ទាប់មកមិត្តភក្តិបានហៅឡំប្រឺតាឲ្យដឹកយកនារីរងគ្រោះទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ខណៈដឹកដល់ពាក់កណ្តាលផ្លូវ ដោយសភាពជំងឺធ្ងន់ធ្ងរពេក ស្រាប់តែគាត់ដាច់ខ្យល់ស្លាប់នៅលើឡំប្រឺតាតែម្តង ហើយម្ចាស់ឡំប្រឺតាក៏បានដឹកសពនារីរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់ទៅខាងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យទៅលើសពជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារតែមានជំងឺ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖