ភ្នំពេញ ៖ ការផ្អាកប្រកាសលទ្ធផលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយមិនហ៊ានសម្រេចពីអាជ្ញាកណ្តាលប្រគល់ជ័យលាភីឲ្យទៅកីឡាប្រដាល់ណាមួយ ជាឆន្ទានុសិទ្ធិរបស់ខ្លួននោះ បានក្លាយជាវិធានបទមួយ រងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេង facebook ថា, ជាអំពើមិនប្រក្រតី វប្បធម៌ដ៏អាក្រក់មិនត្រូវកើតមាននៅក្នុងសង្គមកម្ពុជាឡើយ ។
ទីបំផុត ! ភ្លាមៗនោះបន្ទាប់ពីការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញការប្រតិកម្មនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានសម្រេចឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះការប្រកួតតែម្តង ដោយមិនលើកពេលការប្រកួតនោះឡើយ។ ការសម្រេចនេះធ្វើឡើងតែប៉ុន្មាននាទី បន្ទាប់ពីសម្តេចតេជោ បញ្ចេញទស្សន: ក្នុងនាមជាពលរដ្ឋម្នាក់(ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ)។
សូមបញ្ជាក់ថា, លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងផ្នែកកីឡានៅ CBS បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះ «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា»។
បើតាមលោក ស៊ីថូ ណាថាន់ បានបញ្ជាក់ថា ជ័យជម្នះនេះ កីឡាករ ឃីម បូរ៉ា ឈ្នះខ្សែក្រវាត់មួយ និងថវិកា ៥ពាន់ដុល្លារ។ មតិជាច្រើនយល់ថា, អាជ្ញាកណ្ដាលរងសម្ពាធ ឬខ្លាចទើបគ្មានសិទ្ធិសម្រេចអោយលទ្ធផលគូប្រកួត ទាំងដឹងថា, អ្នកណាឈ្នះ អ្នកណាខុសលក្ខខណ្ឌការប្រកួត !
សូមជម្រាបថា, នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯង» នៅសង្វៀន CBS រវាងកីឡាករ ឃីម បូរ៉ា និង ម៉ឺន មេឃា។
ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃីម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។
ការសម្រេចបែបនេះ បាននាំឱ្យមានការប្រតិកម្មជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញមតិត្រឹមជាពលរដ្ឋម្នាក់ស្រឡាញ់វិស័យកីឡា និងភាពយុត្តិធម៌ប៉ុណ្ណោះ។ ក្នុងនោះសម្តេចបានបង្ហោះលើ facebook ផ្លូវការថា, «ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ»។
សម្តេចតេជោបានថ្លែងបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿងឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។
សូមបញ្ជាក់ថា, កន្លងមករាល់ការប្រកួតកីឡាប្រដាល់ ឬកីឡាផ្សេងៗ តើភាពអយុត្តិធម៌ កើតមានភាពមិនប្រក្រតី បញ្ហាបក្ខពួកនិយម តើកើតមានដល់កម្រិតណា ដូច្នេះសហព័ន្ធកីឡាកម្ពុជាត្រូវតែធ្វើការត្រិះរិះពិចារណារៀបចំឲ្យមានភាពយុត្តិធម៌ឡើងវិញ៕
ដោយ ៖ សិលា