ព័ត៌មានទាន់ហេតុការណ៍៖

អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ

ចែករំលែក៖

ប្រទេសអុីតាលីបានឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប(យូរ៉ូ)ជាលើកទី២ ហើយជាលើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ (ឆ្នាំ១៩៦៨)។ វាជាគម្លាតវែងបំផុតក្នុងការឈ្នះជើងឯកយូរ៉ូដោយបានគ្រងជើងឯកនេះម្តងទៀតក្រោយពីយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផលបាល់ប៉េណាល់ទី៣ទល់២។

តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការព្យាយាមរបស់អង់គ្លេសដើម្បីបញ្ចប់ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏ធំមួយនេះបានបញ្ចប់ដោយការរងនូវការបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលប្រទេសអុីតាលីបានឈ្នះពានយូរ៉ូ២០២០នេះនៅឯកីឡដ្ឋាន Wembley

ការប្រកួតចាប់ផ្តើមបានតែ២នាទី ខ្សែការពារស្លាបរបស់ក្លិបបិសាចក្រហមLuke Shaw រកបានគ្រាប់បាល់នាំមុខ១គ្រាប់ឲ្យអង់គ្លេសក្នុងតង់ទី១ ដែលធ្វើឲ្យអង់គ្លេសមានក្តីសង្ឃឹមខ្ពស់។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ដោយអុីតាលីរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៦៧ ក្នុងតង់ទី២ ដោយកីឡាករ Leonardo Bonucci

បន្ទាប់ពីលទ្ធផលស្មើគ្នា១ទល់១រហូតដល់ចប់ការប្រកួត អាជ្ញាកណ្តាលបានសម្រេចបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែនៅតែមិនមានក្រុមណាស៊ុតបញ្ចូលទីដដែល រហូតដល់សម្រេចកាត់សេចក្តីចាញ់ឈ្នះដោយបាល់ប៉េណាល់ទីម្នាក់៥គ្រាប់។ ការកាត់សេចក្តីដោយបាល់ប៉េណាល់ទីគឺកីឡាករអុីតាលីមានឱកាសស៊ុតបានល្អ ហើយកីឡាករ៣រូបរបស់អង់គ្លេសគឺ Marcus Rashford,​​ Jadon Sancho និងកីឡាករ Bukayo Saka ស៊ុតបាល់មិនបានល្អ ធ្វើឲ្យអុីតាលីស៊ុតចូល៣គ្រាប់ ខណៈអង់គ្លេសចូលតែ២គ្រាប់ លទ្ធផល៣ទល់២។

បរាជ័យនេះធ្វើឲ្យអង់គ្លេសនៅតែជាក្រុមដែលមិនទាន់បានលើកពានរង្វាន់យូរ៉ូម្តងណាឡើយចាប់តាំងពីក្រុមនេះចូលលេងនៅអឺរ៉ុបមក។ ចំណែកក្រុមអុីតាលីវិញបានឈ្នះពានរង្វាន់នេះជាលើកទី២ ដែលលើកនេះបានលើកពាននៅក្នុងទឹកដីអង់គ្លេសផ្ទាល់តែម្តង ៕

ដោយ៖ ភារៈ(រូបថត ៖ BBC Sport)


ចែករំលែក៖