ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឈួន ឡន អាយុ៦០ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិព្យាបាល ជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្រ្តីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវបានក្រុម គ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឈួន ឡន អាយុ ៦០ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវិជ្ជមានកូវីដ-១៩ និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ វណ្ណៈ