ព័ត៌មានទាន់ហេតុការណ៍៖

ពលករវិលត្រឡប់ ចូលប្រទេសវិញរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩ សរុបប្រមាណ ៦៣.២៦៩នាក់ ក្នុងរយៈពេល៦ខែឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអោយដឹងនៅថ្ងៃទី២៦កក្កដានេះថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ-១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ 

អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។ 

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ 

ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៍បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត។ 

នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ក្នុងនោះមានស្រ្តី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។ 

ដោយឡែកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្រុមការងារអនុវត្តច្បាប់ នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងសម្ភាសពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅ នារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍។ 

នៅក្នុងឆមាសទី១នេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ករណីលើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមានៈ អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។ 

ចំណែកសាលាដំបូងរាជធានី-ខេត្តវិញ ក្នុងរយៈពេលដូចគ្នានេះ បានធ្វើចំណាត់ការលើសំណុំរឿងបទល្មើសក្រោមច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទទួលបានលទ្ធផលដូចខាងក្រោមនេះ៖ 

១.ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត មានសរុបចំនួន ៤៤១ករណី ជនរងគ្រោះចំនួន ៤៨៦នាក់(ស្រី ២៣៧នាក់) ក្នុងនោះមានអនីតិជន ១៤២នាក់(ស្រី៧៥នាក់) ជនត្រូវចោទមានចំនួន ៤៣៨នាក់(ស្រី ១៦២នាក់) ក្នុងនោះមានអនីតិជន ១៥នាក់(ស្រី ០២នាក់) ហើយបានចំណាត់ការដោយបានបញ្ជូនទៅស៊ើបសួរចំនួន ៣៤៤ករណី តម្កល់ទុកឥតចាត់ការ ១០ករណី បញ្ជូនរឿងទៅជម្រះផ្ទាល់ ០៧ករណី និងកំពុងចាត់ការចំនួន ៨០ករណី។ 

២. ចំណាត់ការរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ៣៣២ករណី ជនរងគ្រោះចំនួន ៥៣៤នាក់ (ស្រី ៣០៤នាក់) ក្នុងនោះមានអនីតិជន ១៣៨នាក់(ស្រី ១២៣នាក់) ជនត្រូវចោទមានចំនួន ៥២៩នាក់ (ស្រី ១០២នាក់) ក្នុងនោះមានអនីតិជន ៧៥នាក់ (ស្រី ១០នាក់) ក្នុងនោះបានចំណាត់ការ(បញ្ជូនទៅជម្រះចំនួន ១១៧ករណី លើកលែងចោទ ០៥ករណី និងកំពុងចាត់ការចំនួន ២១០ករណី)។ 

៣. ដំណាក់កាលចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី-ខេត្ត សរុបមានចំនួន ២០៤ករណី ជនរងគ្រោះចំនួន ២៧០នាក់(ស្រី ១៥៦នាក់) ក្នុងនោះមានអនីតិជន ៨៣នាក់(ស្រី ៧៥នាក់) ជនជាប់ចោទសរុប ១៩៩នាក់(ស្រី ៨១នាក់) និងប្រភេទចំណាត់ការ(ទោសព្យួរ ០២នាក់ ពិន័យជាប្រាក់ ០១នាក់ រួចផុតពីបទចោទ ០៤នាក់ រំលត់បណ្ដឹងអាជ្ញាគ្មាន ចាត់ការរួច ៦៥ករណី ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងឃុំ ៣៧នាក់ និងកំពុងចាត់ការ ១៣៩ករណី)៕

ដោយ៖ សូរិយា


ចែករំលែក៖