ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សូមកោតសសើរក្រុមការងារកន្លងមក និងលើកទឹកចិត្តដល់រដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករ ខណៈដែលបងប្អូនយើង បានមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ។
ជាក់ស្ដែងអំណោយសង្គ្រោះ ជាស្បៀង ម៉ាស អាល់កុល និងសម្ភារៈមួយចំនួនទៀត ជាអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ ត្រូវបានលោកស្រីយកទៅផ្តល់ជូនអាជ្ញាធរខណ្ឌដង្កោ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ថ្លែងក្នុងឱកាសនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើរបស់ម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើសារជាសម្លេងកាលពីរសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលសារនេះបានផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។
នៅក្នុងខ្លឹមសារជាសម្លេងដដែលនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខណ្ឌដង្កោចំពោះការងារកន្លងមក និងសូមលើកទឹកចតិត្តឲ្យរដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករខណៈដែលបងប្អូនយើង ត្រូវបានក្រុមការងាររថយន្តកងទ័ពដឹកមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យបងប្អូនបានបន្តចូលធ្វើចត្តាឡីស័ក្តនៅតាមមណ្ឌលនៃខេត្ត ស្រុក ក៏ដូចជាធ្វើចត្តាឡីស័ក្តនៅតាមផ្ទះផង ។
លោកស្រី ក៏បានបន្តទៀតថា៖ ទន្ទឹមនឹងនេះយើងត្រូវតែជួយសហការធ្វើកិច្ចការនេះ ឲ្យបានល្អ ដែលទាក់ទងនឹងការទទួលខុសត្រូវទាំងខាងស្មារតី ខាងអប់រំ និងខាងសម្ភារៈអ្វីដែលយើងអាចជួយបានតាមលទ្ធភាព តែបើយើងខ្វះលទ្ធភាព យើងត្រូវជំរាបជូនរដ្ឋបាលរាជធានី ខេត្ត ដើម្បីបានជ្រាបក្នុងការត្រៀមរៀបចំទទួល និងដោះស្រាយស្បៀងជូនពលកររបស់យើង ។
គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលក៏បានផ្តល់នូវស្បៀង និងជំនួយសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោ តាមរយៈ រដ្ឋបាលសាលារជធានីភ្នំពេញផងដែរ ។ ដោយឡែកថ្ងៃនេះលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកអំណោយរបស់សប្បុរជនមកជូនដល់រដ្ឋបាលខណ្ឌដង្កោ គណបក្សខណ្ឌដង្កោ និងសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌដង្កោ រួមមាន ៖ ទឹកសុទ្ធ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ម៉ាស់ អាល់កុល និងអាវពេទ្យ រួមជាមួយនឹងថវិកាមួយចំនួន៕
ដោយ៖ សហការី