ខេត្តបាត់ដំបង ៖ ដើម្បីជួយទប់ស្កាត់នូវការលួចឆ្លងដែន របស់ពលករខ្មែរ តាមច្រកព្រំដែកម្ពុជា-ថៃ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី(ដែលតា) លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ភាគីថៃ សូមផ្ដល់នូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀត។
សូមជម្រាបថា ចំពោះការសំណូមពររបស់ថ្នាក់ដឹកនាំខេត្តបាត់ដំបង លោក ងួន រតនៈ បានធ្វើឡើងនាថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ នៅក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ផ្តល់ជូនពលករខ្មែរ១១នាក់ ដែលសមត្ថកិច្ចព្រំដែនថៃ ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ។
បន្ថែមពីនេះ លោក ងួន រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «សំណូមពរដល់ភាគីថៃ សូមជួយផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការឆ្លងដែន របស់ពលករខ្មែរ សូមឱ្យបន្តជួយឃាត់ទុក និងនាំមកកាន់ទីនេះ ឱ្យស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបិទខ្ទប់ព្រំដែនមិនឱ្យឆ្លងកាត់ចេញ-ចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta មួយរយៈផងដែរ»។
ជាមួយគ្នានេះ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលធ្វើការឃាត់ទុក និងផ្តល់នូវទីតាំងឱ្យស្នាក់នៅជាបណ្តោះអាសន្ន ចំពោះពលករខ្មែរ។ ដោយក្នុងនោះដែរ អភិបាលខេត្តនឹងរ៉ាប់រងក្នុងការដោះស្រាយស្បៀង ជូនបងប្អូនពលករជាដើម។ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានដឹកនាំប្រតិភូមួយក្រុម ចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឹកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃ ក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលជាប់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគបរិភោគ អង្ករ២០០គីឡូក្រាម មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ទៅប្រគល់ជូនដល់បងប្អូនពលករទាំងនោះ ដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះផងដែរ៕
ដោយ ៖សហការី