ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុក​ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់លើកំណាត់ផ្លូវជាតិលេខ៣ស្លាប់ទាំង​ព្រឹក​

ចែករំលែក៖

ខេត្តកំ​ពត៖ ស្ត្រីម្នាក់ដែលគេដឹងថាជា​ជនជាតិ​ហ្វាំ​ង​ឡង់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​ត្រូវរថយន្តបុកពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​។
ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង នៅលើ​ផ្លូវកំណាត់ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​។​

យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ទឹកឈូ បានឱ្យដឹងថាៈ ស្ត្រីរងគ្រោះក្នុង​ហេតុការណ៍​ខាងលើ ឈ្មោះ ហ្វ្រេ​យ៉ា មេ​លី​សា (Freya Melissa) អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។​

​ប្រភព​ខាងលើបានឱ្យដឹងទៀតថា កាលពី​វេលា​ម៉ោង៦និង​៤៥នាទីព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​នៅលើ​ផ្លូវជាតិលេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ រវាង​រថយន្ត និឹង​ម៉ូតូ​ដែលមានទិសដៅ​ស្របគ្នា​ហើយមុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញជនរងគ្រោះជា​ជនបរទេស​រូបនេះបាន​បើក​ម៉ូតូតែម្នាក់ឯងមកពី​ទិស​ខាងលិច​។ ស្របពេលនោះ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿងមកពី​ក្រោយបាន​បុក​ម៉ូតូ​ពេញទំហឹង រួច​បង្កើនល្បឿនបើក​គេច​បាត់​ស្រមោលតែម្តង​។​មន្ត្រីនគរបាលបាន​បន្តទៀតថាៈ នៅពេល​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ ជនរងគ្រោះបាន​ស្លាប់​នៅលើ​ថ្នល់ក្បែរ​ម៉ូតូ​យ៉ាង​អាណោច​អាធ័ម​បំផុត ហើយក្រោយ មកបានផ្តល់ព័ត៌មាន​នេះជូនសមត្ថកិច្ច ចុះ​ដល់​កន្លែងកើតហេតុ តែ​មិនអាច​កំណត់ភិនភាគ​រថយន្ត​បង្ក​បានឡើយ​។ ដោយឡែក ម៉ូតូ​ម៉ាក Aprillia ពណ៌​ស ពាក់​ស្លាកកលេខ ភ្នំពេញ 1BQ-0261 ត្រូវបាន​យកទៅ​រក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក​៕

ដោយ៖ អរុណរះ


ចែករំលែក៖