ខេត្តកំពត៖ ស្ត្រីម្នាក់ដែលគេដឹងថាជាជនជាតិហ្វាំងឡង់បានស្លាប់នៅនឹងកន្លែង ដោយសារត្រូវរថយន្តបុកពេលកំពុងធ្វើដំណើរស្របទិសគ្នា។
ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាលចរាចរណ៍ស្រុកទឹកឈូ បានឱ្យដឹងថាៈ ស្ត្រីរងគ្រោះក្នុងហេតុការណ៍ខាងលើ ឈ្មោះ ហ្វ្រេយ៉ា មេលីសា (Freya Melissa) អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពខាងលើបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ រវាងរថយន្ត និឹងម៉ូតូដែលមានទិសដៅស្របគ្នាហើយមុនគ្រោះថ្នាក់កើតឡើង គេឃើញជនរងគ្រោះជាជនបរទេសរូបនេះបានបើកម៉ូតូតែម្នាក់ឯងមកពីទិសខាងលិច។ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងមកពីក្រោយបានបុកម៉ូតូពេញទំហឹង រួចបង្កើនល្បឿនបើកគេចបាត់ស្រមោលតែម្តង។មន្ត្រីនគរបាលបានបន្តទៀតថាៈ នៅពេលអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញ ជនរងគ្រោះបានស្លាប់នៅលើថ្នល់ក្បែរម៉ូតូយ៉ាងអាណោចអាធ័មបំផុត ហើយក្រោយ មកបានផ្តល់ព័ត៌មាននេះជូនសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ តែមិនអាចកំណត់ភិនភាគរថយន្តបង្កបានឡើយ។ ដោយឡែក ម៉ូតូម៉ាក Aprillia ពណ៌ស ពាក់ស្លាកកលេខ ភ្នំពេញ 1BQ-0261 ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
ដោយ៖ អរុណរះ