ព័ត៌មានទាន់ហេតុការណ៍៖

បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។

លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។

លោកបានបន្តថា ការចាក់វ៉ាក់សាំង នៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមពេលវេលា និងទីតាំងដូចខាងក្រោម ពេលព្រឹកពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល រួមមាន៖

*ទី១៖ ក្រុងស្វាយរៀង នៅសាលាបឋសិក្សាព្រះសីហនុ។
*ទី២៖ ក្រុងបាវិត នៅមន្ទីរពេទ្យបង្អែកជីភូ
*ទី៣៖ ស្រុកកំពង់រោទិ៍ នៅមណ្ឌលសុខភាពញរ
*ទី៤៖ ស្រុកស្វាយទាប នៅសាលាបឋមសិក្សាសាមគ្គី
*ទី៥៖ ស្រុករំដួល នៅសាលាបឋមសិក្សាកូវសាមុត កំពង់ចក។
*ទី៦៖ ស្រុកចន្ទ្រា នៅមណ្ឌលសុខភាព មេសថ្ងក
*ទី៧៖ ស្រុកស្វាយជ្រំ នៅសាលាបឋមសិក្សារកា, សាលាបឋមសិក្សាស្វាយជ្រំ, សាលាបឋមសិក្សាឈូកមាស, អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម។
*និងទី៨៖ ស្រុករមាសហែក នៅសាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍, សាលាបឋមសក្សាស្វាយទន្ទឹម, សាលាបឋមសិក្សាដូង, សាលាបឋមសិក្សាជីកដី, សាលាបឋមសិក្សាក្រសាំង។ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

ដោយ៖ យឹម សុថាន


ចែករំលែក៖