ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ នៅមហាវិថីម៉ៅសេទុង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភារាជធានីភ្នំពេញបានសហការរួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ដឹកនាំកម្លាំងចុះអនុវិធានការច្បាប់ដោយមិនមានការលើកលែងឡើយ ចំពោះបងប្អូនប្រកបអាជីវកម្មលក់ដូរយកចិញ្ជើមផ្លូវដាក់តាំងលក់ បណ្ដាលឱ្យមានការកកស្ទះតាមដងផ្លូវ បាត់បង់សោភ័ណភាពទីក្រុង និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះតាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់ពីចំណុចស្ពានអាកាស ៥មករា (តិចណូ) រហូតដល់ចំណុចសាលមហោស្រពចេនឡា ផ្សារដើមគ ដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកឱ្យអ្នកធ្វើដំណើរថ្មើរជើងឬជនពិការភាពជាដើម។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២១ម្សិលមិញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅលើមហាវិថីម៉ៅសេទុង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់នេះ ក៏មាន ការចូលរួមពី លោក ឯក ឃុនដឿន អភិបាល នៃគណៈ អភិបាលខណ្ឌទួលគោក លោក អែម សម្បិត្តប្រធានការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញនិង អាជ្ញាធរពាក់ព័ន្ធ មួយចំនួនទៀត។

លោក មាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ក្នុងការ រៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់ឱ្យដឹងថាៈ ចំពោះ អាជ្ញាធរ ខណ្ឌការរៀបចំសណ្តាប់ធ្នាប់ត្រូវធ្វើឡើងជាប្រចាំហើយនៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់ អាជ្ញាធររាជធានីភ្នំពេញគឺ គ្រាន់តែចុះមកម្ដងៗ ប៉ុណ្ណោះដើម្បីពង្រឹងការអនុវត្ត នៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗ នេះអោយមានលក្ខណៈ កាន់តែ ល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និង មានបរិស្ថាន ។

បន្ថែមផងដែរ បើទោះបីអាជ្ញាធររាជធានីភ្នំពេញជាប់មមាញឹក ខ្លាំងនៅក្នុងកិច្ចការការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតា ក៏ពិតមែន ប៉ុន្តែ សម្រាប់សកម្មភាពនៃការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានរបៀបរៀបរយ ល្អមានបរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ នៅតែធ្វើ សកម្មភាពរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីអោយរាជធានីមួយនេះ សមជាទីក្រុងដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជាពោលគឺ ដៃម្ខាងទប់ស្កាត់ការរីក រាលដាល នៃជំងឺកូវីដ-១៩ និង ដៃម្ខាងទៀតធ្វើសកម្មភាពការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖