ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូវីដ​-១៩​ នៅថៃ​ ថ្ងៃ​នេះ​! ស្លាប់ខ្ពស់បំផុតរហូតដល់​ ២៣៥នាក់,​ ខណៈ​អ្នកឆ្លងថ្មីចំនួន​ជិត ២ម៉ឺន​នាក់​ដដែល​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​រាយការណ៍ប្រចាំថ្ងៃ​ នៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ រហូតដល់ចំនួន ១៩,៨៤៣ករណីបន្ថែមទៀត អ្នកជំងឺចំនួន ២៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។

ជាក់ស្ដែង​បើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​៖​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,៤៤៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ២២,៨០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

បច្ចុប្បន្ន​ប្រទេសថៃ​ សម្រាប់​ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សរុបបានចំនួន ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស។គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖