ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េមួយគ្រឿងប្រហែលជាជាន់ហ្វ្រ័ងមិនសុីបានជ្រុលល្បឿនទៅបុកស្ថានីយប្រេងឥន្ធនៈ L.H.R

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកអីវ៉ាន់មួយគ្រឿងប្រហែលជាជាន់ហ្វ្រ័ងមិនសុី ហើយបួងចង្គូតគេចពីរថយន្តនិងម៉ូតូដែលឈប់ចាំភ្លើងស្តុបនៅខាងមុខ ក៏ជ្រុលល្បឿនទៅចូលស្ថានីយប្រេងឥន្ធនៈ បុកជញ្ជាំងកញ្ចក់ម៉ាតរងការខូចខាត១ផ្ទាំង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែងយីហោ L.H.R  ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយជាប្រភេទរថយន្តឃ្លុបដឹកអីវ៉ាន់ ពណ៌លឿងលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-9628 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយអ្នកបើកជាន់ហ្វ្រ័ងមិនសុី ហើយបួងចង្កូតមកខាងស្តាំដៃគេចពីរថយន្តនិងម៉ូតូដែលកំពុងឈប់ភ្លើងស្តុបនៅខាងមុខ ក៏ជ្រុលចូលទៅក្នុងស្ថានីយប្រេងឥន្ធនៈទៅបុកផ្ទាំងកញ្ចាក់ម៉ាត បែកកញ្ចក់អស់១ផ្ទាំង រីឯរថយន្តទៅមុខលែងរួចរងការខូចខាតផ្នែកខាងមុខ តែមិនមាននរណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង និងឲ្យភាគីម្ចាស់រថយន្តនឹងភាគីម្ចាស់ស្ថានីយប្រេងឥន្ធនៈធ្វើការសម្របសម្រួលគ្នាដោយភាគីម្ចាស់រថយន្តចេញថ្លៃជួសជុលការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖