ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ថៃរាយការណ៍ថា សមត្ថកិច្ចថៃបានចាប់ខ្លួនពលរដ្ឋខ្មែរ២នាក់នៅព្រំដែនដោយចោទពីបទចូលកាប់ឈើ ខុសច្បាប់ រហូតមកទល់ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ពលរដ្ឋខ្មែរទាំង ២ នាក់នោះ ត្រូវបានសមត្ថកិច្ចឧទ្យានុរក្សថៃ នៅស្រុកឡាក់ហានសាយ ខេត្តបូរីរម្យ កសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើរបស់ខ្លួនហើយនឹងបន្ត ទៅដល់ដៃតុលាការនៅថ្ងៃស្អែកនេះ ។
សមត្ថកិច្ចការពារព្រំដែនថៃបន្តថាកាលពីវេលាម៉ោង១២និង១២អធ្រាត្រថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរ ចំនួន ២ នាក់ ត្រូវបានមេព្រៃថៃ (ឧទ្យានុរក្សថៃ) ចាប់ខ្លួននៅត្រង់ចំណុច ខាងជើង បង្គោលសីមា ២៨ ប្រហែល ៥០០ ម៉ែត្រ។
ពលរដ្ឋ ២ នាក់ដែលសមត្ថកិច្ចថៃឃាត់ខ្លួននោះ ១.ឈ្មោះ លឿន សែន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និង ២.ឈ្មោះ ពា ពាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ។
ពលរដ្ឋខាងលើត្រូវសមត្ថកិច្ចថៃប្រាប់ពីមូលហេតុ នៃការចាប់ខ្លួននេះធ្វើឡើងដោយពួកគាត់ចូល កាប់ឈើ នៅទឹកដីថៃ (ឧទ្យានជាតិ ព្រះមហាក្សត្រថៃ) នៅជួរភ្នំដងរែក ក្នុងភូមិសាស្ត្រ ស្រុកឡាក់ហានសាយ ខេត្តបូរីរម្យ ទល់មុខស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយទទួលព័ត៌មាននេះ ក្រុមគ្រួសារជនជាតិខ្មែរទាំង២នាក់ បានមករាយការណ៍ ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ រដ្ឋបាល ស្តីពីការបាត់ខ្លួន សមាជិកក្រុមគ្រួសារខ្លួន នៅថ្ងៃទី១៧ ខែសីហា កន្លងទៅ។
ចំពោះបញ្ហាខាងលើនេះក្រុមអ្នកព័ត៌មានយើងមិនទាន់ទទួលបានដំណឹងពីអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃនៅឡើយទេ៕
ដោយ ៖ វណ្ណា