ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងស៊ីណូវ៉ាក់២លាន ៥សែនដូស ក្នុងនោះ ២លានដូសជាការបញ្ជាទិញ ហើយ ៥០មុឺនដូស គឺជាជំនួយរបស់ក្រុមហ៊ុន (ស៊ីណូវ៉ាក់) បានមកដល់កម្ពុជាហើយ

ចែករំលែក៖

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវដឹកជញ្ជូនមកប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១នេះ។

ក្នុងឱកាសអញ្ជើញទៅទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូស ក្នុងនោះមានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយបូកបញ្ចូលនូវវ៉ាក់សាំងមកដល់ថ្ងៃនេះ កម្ពុជាយើង មានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងដៃសរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ:ការមិនក្នុង ហ្វេសប៊ុកផ្លូវការពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ ដោយសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។

តែទោះជាយ៉ាងណាក្តីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

សម្តេចបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែជា អគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ។

កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋខ្លួន ដោយឡែកប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ ។ តែសម្រាប់កម្ពុជាយើង មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានទំនាក់ទំនងល្អទាំងបុគ្គល និងអន្តរជាតិ ជាពិសេសកម្ពុជាបានចាត់ទុកមិត្តចិនជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងផងនោះ ទេីបកម្ពុជាទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដេីម្បីយកមកចាក់ជូនពលរដ្ឋខ្លួន បានយ៉ាងច្រេីន រហូតឈានដល់ចាក់ដូសទី ៣ បន្ថែមទៀត។ 

រហូតមកដល់ពេលនេះកម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ទេ ហើយកម្ពុជាបាន នឹងកំពុងត្រៀមទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់តាមរយ:ជំនួយរបស់មិត្តចិន ក៏ដូចជាការបញ្ជាទិញផងដែរ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពី ១២ឆ្នាំឡើងទៅចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។

នៅលេីពិភពមានតែប្រទេស ២ ទេ ដែលបានចាក់ វ៉ាក់សាំងជូនប្រជាជនបានច្រេីនជាងគេ គឺប្រទេស អ៊ីស្រាអែល និង ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងបានលឿន និងរហ័សជាងគេ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ។ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវ តែសម្រេចឲ្យបាន នូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំង ហើយយើងបានឃើញសញ្ញានៃការថមថយចុះនៃការឆ្លង តែបើសិនយើងបានចាក់វ៉ាក់សាំងហើយមានការឆ្លង វាមិនរត់ទៅរកស្ថានភាពជំងឺធ្ងន់ធ្ងរ និងការស្លាប់នោះទេ វាអាចកាត់បន្ថយ៕

ដោយ៖ សូរិយា


ចែករំលែក៖