ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Real Madrid បាន ផ្តួលក្រុម Celta Vigo ក្នុងលទ្ធផល៥ទល់២នៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេនៅឯកីឡដ្ឋាន Bernabeu ដែលទើបសាងសង់ថ្មី កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញានេះ។
Benzema បានរកគ្រាប់បាល់បញ្ចូលទីទី១ នៅនាទីទី២៤ ពីការបញ្ជូនបាល់ពីកីឡាករ Valverde ក្រោយពេលដែលក្រុមភ្ញៀវបាននាំមុខ១គ្រាប់មុននៅនាទីទី៤ ដោយកីឡាករ Santi Mina ហើយនៅនាទីទី៣១ ក្រុមភ្ញៀវ Ceta Vigo រកបាន១គ្រាប់សងវិញដោយកីឡាករ Franco Cervi ។
ចូលដល់ដល់ការប្រកួតក្នុងតង់ទី២ Benzema រកបាន១គ្រាប់ទៀតនៅនាទីទី៤៦ ហើយខ្សែប្រយុទ្ធ Vinicius Junior បានបន្ថែមគ្រាប់ទី៣សម្រាប់ Real Madrid មុនពេលយុវជន Eduardo Camavinga ស៊ុតបញ្ចូលទីគ្រាប់ទី៤នៅនាទីទី៧២ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Benzema រកបានគ្រាប់ទី៥នៅនាទីទី៨៧ ដោយបានស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រ ដែលធ្វើឲ្យកីឡាកររូបនេះរកបាន៣គ្រាប់ម្នាក់ឯងគឺ ខណៈដែលក្រុមរបស់លោក Carlo Ancelottiឡើងឈរកំពូលតារាង La Liga ។
ថ្វីត្បិតតែការសាងសង់កំពុងដំណើរការក៏ដោយក៏ អ្នកគាំទ្រចំនួន៣០.០០០នាក់ត្រូវបានស្វាគមន៍ត្រឡប់មកកាន់កីឡដ្ឋាន Bernabeuវិញ ខណៈដែលក្រុម Real Madrid បានប្រកួតដំបូងរបស់ពួកគេនៅទីនោះចាប់តាំងពីបានផ្តួលក្រុម Barcelona នៅ El Clasico កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។
ជ័យជម្នះនេះធ្វើឱ្យ Real Madrid ឡើងទៅឈរនៅលើកំពូលតារាងដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើក្រុម Valencia និងក្រុម AtleticoMadrid ដែលមាន១០ពិន្ទុដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)