ភ្នំពេញ៖ យោងតាមផេក Cambodia SEA GAMES(CAMSOC) ដែលមានពាក្យថា,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាបានលើកឡើងថា គ្រូបង្វឹកហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់ការប្រែប្រួលថ្មីៗនៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក។
នេះជាការអះអាងរបស់លោកអគ្គលេខាធិការ ក្រោយបញ្ចប់ការសិក្សាថ្ងៃទី៤ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៃវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគី កម្រិត១ ដែលដំណើរការពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC)។
លោក កាំង សុធា គូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយសម្រាប់ការបណ្ដុះបណ្ដាលគ្រូកីឡាហុកគី ឬក៏វគ្គបច្ចេកទេសផ្សេងៗទេ ប៉ុន្ដែសម្រាប់ឆ្នាំនេះយើងទទួលបានការសម្របសម្រួលដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈការផ្ដល់មូលនិធិពីអង្គការសាមគ្គីអូឡាំពិក ហើយអ្នកសម្របសម្រួលបច្ចេកទេសដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ។ «វគ្គនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាលដល់គ្រូគ្រូវ័យក្មេងរបស់យើង ដើម្បីឲ្យពួកគាត់អភិវឌ្ឍទៅរកគ្រូកម្រិតពីកម្រិតទាបទៅកម្រិតខ្ពស់ៗ ពីព្រោះថាការអភិវឌ្ឍវិស័យកីឡា វាមានការប្រែប្រួលជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បទបញ្ជាការប្រកួតមានការប្រែប្រួលអភិវឌ្ឍជាលំដាប់ដូចគ្នាផងដែរ។ ដូច្នេះវាទាមទារឲ្យធនធានកីឡាហុកគីត្រូវការអភិវឌ្ឍជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
លោកអគ្គលេខាធិការបានបង្ហាញនូវអំណរគុណដល់ NOCC អង្គការសាមគ្គីអូឡាំពិ (OS) សហព័ន្ធកីឡាហុកគីអន្តរជាតិ សហព័ន្ធកីឡាហុកគីទ្វីបអាស៊ី ដែលបានសម្របសម្រួលរៀបចំជូនដល់សហព័ន្ធកីឡាហុកគីកម្ពុជាឲ្យបានប្រព្រឹត្តទៅនៅវគ្គបណ្តុះបណ្តាលគ្រូគ្រូហុកគីកម្រិត១នេះ។ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូកីឡាហុកគីនឹងមានការអភិវឌ្ឍជាលំដាប់តទៅមុខទៀត ហើយក៏មិនភ្លេចបានថ្លែងនូវអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រមូលផ្ដុំក្រុមជម្រើសជាតិកីឡាហុក ហើយក៏អរគុណដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានដាក់បញ្ជូលប្រភេទកីឡាហុកគី ទៅក្នុងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
«បន្ទាប់ពីវគ្គនេះទៅ សហព័ន្ធនឹងខិតខំស្វះស្វែងរកការជួយឧបត្ថម្ភគាំទ្រពីសាម៉ី សហព័ន្ធអន្តរជាតិ ក៏ដូចជាបណ្ដាប្រទេសនានាឲ្យជួយទំនុកបម្រុង ក្នុងការជួយបង្ហាត់បង្ហាញបន្ថែមដល់សហព័ន្ធកីឡាហុកគីកម្ពុជា។ ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា NOCC និង CAMSOC ក៏បានអនុញ្ញាតឲ្យសហព័ន្ធកីឡាហុកគីចូលរួមរៀបចំការប្រកួតកីឡាជាតិ (National Games) នាឆ្នាំ២០២២ ខាងមុខ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយនឹងប្រភេទកីឡាជាច្រើនទៀតរបស់កម្ពុជា»។ លោក កាំង សុធា បញ្ជាក់បន្ថែម។
លោកស្រី ឈឿង សុវណ្ណភារម្យ គ្រូបង្វឹកកីឡាហុកគី ដែលកំពុងចូលរួមវគ្គសិក្សានេះបានលើកឡើងដែរថា ក្រោយទទួលបានការបណ្តុះបណ្តាល៤ថ្ងៃជាមួយគ្រូអន្តរជាតិនេះ គឺវាមានភាពខុសគ្នាច្រើនហើយក៏ជំនួយដល់យើងច្រើនដែរ។ អ្នកគ្រូយល់ដឹងកាន់តែច្រើនពីគ្រូឧទ្ទេសអន្តរជាតិ ដោយគាត់បែងចែកល្អ ជាពិសេសគឺគាត់បានពន្យល់ពីតួនាទីជាគ្រូបង្វឹកមានបច្ចេកទេស គន្លឹះសំខាន់ៗ ដើម្បីយកចំណេះដឹងទាំងអស់នេះទៅបន្តចែករំលែកជូនដល់ការហ្វឹកហាត់កីឡាករ កីឡាការិនី។ «សម្រាប់ខ្ញុំ វគ្គនេះគឺផ្តល់បទពិសោធដល់ពួកយើងនូវមេរៀនល្អណាស់។ និយាយទៅ គឺគាត់មានតិចនិកច្រើន ក្នុងការបង្ហាត់បង្ហាញពីរបៀបរបប និងការចែករំលែកបទពិសោធន៍អន្តរជាតិនានា។ ក្នុងនាមខ្ញុំជាគ្រូបង្វឹក ខ្ញុំនឹងខិតខំជំរុញសមត្ថភាពកីឡាករ កីឡាការិនីកាន់តែមានសមត្ថភាពខ្ពស់ដល់កម្រិតមួយ។ យើងនឹងតស៊ូឲ្យមោះមុត ហើយយើងព្យាយាមអស់ពីលទ្ធភាព ទោះជាថាយើងធ្វើមិនហានសន្យាថានឹងជំរុញឲ្យពួកគេដល់ចំណុច ដែលយើងប្រាថ្នារកជ័យជម្នះបានក្តី ប៉ុន្តែយើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពនូវអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីរួមគ្នាធ្វើឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត។
កីឡាការិនីហុកគីជម្រើសជាតិកម្ពុជា គង់ នីកា បញ្ជាក់ថា «ខ្ញុំជាកីឡាការិនីទទួលបានចំណេះដឹងថ្មីៗ។ វគ្គសិក្សានេះបានបានផ្តល់ចំណេះដឹងពីការរៀនទ្រឹស្ដីជាច្រើន ដើម្បីឲ្យយើងទាំងអស់គ្នាយកទៅអនុវត្តជាក់ស្តែង ដែលនឹងធ្វើឲ្យចំណេះដឹងរបស់យើងកាន់តែកើនឡើង។ ក្នុងនាមខ្ញុំជាកីឡាការិនីជម្រើសជាតិហុកគីកម្ពុជា ខ្ញុំសូមអរគុណដល់សហព័ន្ធ ដែលជួយជ្រោមជ្រែងរៀបចំកម្មវិធីនេះឡើង ហើយនាងខ្ញុំនឹងបន្តប្រឹងប្រែង ដើម្បីគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង»៕
ដោយ ៖ សិលា