ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ហើយទើបបានបេីករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរមួយកង់ រីឯរថយន្តបង្កបានបែកកង់មុខនិងកង់ខាងក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AK-0269 ធ្វេីដំណេីរតាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់ រីឯរថយន្តបង្កបន្តទៅមុខទាំងបែកកង់មុខនិងកង់ក្រោយបានប្រហែល៥០ម៉ែត្រទេីបឈប់ ដោយករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ។ ក្រោយមកស្រាប់តែឃេីញបុរសម្នាក់បេីកទ្វារចុះពីលេីរថយន្តបង្កដោយស្ថានភាពដូចជាស្រវឹងស្រាហេីយគេចខ្លួនពីកន្លែងកេីតហេតុភ្លាមៗ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ