ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដាវកាប់លើជនរងគ្រោះបណ្តាលឱ្យរបួសដៃឆ្វេង) នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី នៅចំណុចផ្លូវកំពង់ដ ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះធុន វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ (រងរបួសកែងដៃឆ្វេងដេរចំនួន៥ថ្នេរ)។
ជនបង្កហេតុឈ្មោះប៉ាវ ជី ហៅជី ភេទប្រុស ជនជាតិវៀតណាម អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ផ្លូវកំពង់ដ ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
វត្ថុតាងដកហូតបានមានដាវចំនួន១ ប្រវែងកន្លះម៉ែត្រ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីជនបង្កកំពុងសំលៀងដាវ ហើយជនរងគ្រោះបានដើរទៅក្បែរដោយបាននិយាយឌឺដងដាក់គ្នាឈានទៅមានទំនាស់ពាក្យសម្តីទើបជនបង្កយកដាវកាប់១ដាវត្រូវដៃខាងឆ្វេងរួចរត់គេចខ្លួនបាត់ទៅ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនបង្ក ព្រមទាំងវត្ថុតាងនៅវេលាម៉ោង១២ និង២០នាទី ថ្ងៃខែឆ្នាំដដែល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីណា