ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនលោក យុត ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YRT ក្រោយពីចៅក្រមបញ្ចប់ ការស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃអាទិត្យទី ៣១តុលា ឆ្នាំ២០២១នេះ បានចេញដីកាសម្រេចឃុំខ្លួនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YRT គ្រុប ដាក់ពន្ធនាគារព្រៃសជាបណ្ថោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឆបោកមានស្ថានទំងន់ទោស ( ក្រុមឆបោកមានការចាត់តាំង ) ។

ជនត្រូវចោទឈ្មោះ យុត ឫទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) ។ មានទីលំនៅ តាមផ្លូវជាតិលេខ២ ក្នុងបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) មានទីតាំងស្ថិតនៅអគារ Exchange Square ជាន់ទី១៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 ប្រភពព័ត៌មានពីសាលាដំបូងបានឱ្យដឹងថា លោក យុត ឫទ្ធី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងអំពើឆបោកមានការចាត់តាំង 

តាមដំណើររឿងនេះ គឺ ជនរងគ្រោះបានស្គាល់លោក យុត ឫទ្ធី តាមរយៈមិត្តភក្តិម្នាក់ទៀត ក្នុងអំឡុងដើមឆ្នាំ២០២១ ដែល លោក យុត ឫទ្ធី អះអាងថា លោកគឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) ។

លោក យុត ឫទ្ធី តែងតែលួងលោមជនរងគ្រោះ ឱ្យដាក់ប្រាក់រកស៊ីជាមួយគ្នា ដើម្បីទទួលបានការប្រាក់ពីការជួញដូរទើបជនរងគ្រោះដាក់ប្រាក់ជាបន្តបន្ទាប់ចំនួន៤ដង សរុបទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក តែមិនដាក់ចូលក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក (YRT Trading Co,Ltd) នោះទេ គឺ ថាដាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ ត្រេឌីង ឯ.ក ទៅវិញ តែក៏មិនបានដាក់ចូលក្រុមហ៊ុន វ៉ាយ អេ អាយ នេះដែរ មានន័យថា លុយ គឺចូលហោប៉ាវផ្ទាល់ខ្លួនចាយវាយខ្លួនឯង ។ ប៉ុន្តែ ក្រោយមកលោក យុត ឫទ្ធី បានប្រើហេតុផលគ្រប់បែបយ៉ាងមិនប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញទេ ខណៈមានគេប្រាប់ថា លោក យុត ឫទ្ធី ត្រូវបានបញ្ឈប់ពីប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាយ អ ធី ត្រេឌីង ឯ.ក ទៅហើយ ។

ក្រោយមក ជនរងគ្រោះបានប្តឹងលោក យុត ឫទ្ធី ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនលោក យុត ឫទ្ធី បញ្ជូនមកអយ្យការអមសាលាដំបូង ។

 សូមបញ្ជាក់ថា ក្រោយការសាកសួរតំណាងអយ្យការបានចោទប្រកាន់ឈ្មោះ យុត ឬទ្ធី ពីបទ ឆបោកមានស្ថានទំងន់ទោស តាមមាត្រា ៣៧៧ យោងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមសើបសួរ លោក ឆឹម ឬទ្ធី បានចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ។ 

បច្ចុប្បន្នជនជាប់ចោទកំពុងបញ្ជូនខ្លួនទៅពន្ធនាគារដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន ៕


ដោយ ៖ រ៉ារ៉ា


ចែករំលែក៖