នៅថ្ងៃទី១ខែវិច្ឆិកាស្អែកនេះថៃនឹងចាប់ផ្តើមបើកទ្វារនៅខេត្តក្រុងចំនួន១៧ ដើម្បីទទួលអ្នកទេសចរមកពី៤៦ប្រទេសជុំវិញពិភពលោក ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះថៃក៏បានហាមប្រាមធ្វើបាតុកម្មក្នុងពេលបើកប្រទេសសាកល្បងរស់នៅជាមួយកូវីដ-១៩។
បើទោះបីជាការបើកទ្វារប្រទេសនឹងចូលមកដល់ថ្ងៃស្អែកនេះក្តី ក៏ករណីឆ្លងនិងស្លាប់នៅក្នុងប្រទេសនេះនៅតែខ្ពស់ដដែល ។
តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី៣១ខែតុលាបានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះបានប្រកាសរកឃើញករណីឆ្លងជំងឺ COVID-19ថ្មីចំនួន ៨,៨៥៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ មានអ្នកជំងឺចំនួន៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៨,២៥៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៩១២,០២៤ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,២០៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧៩២,១២៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបចំនួន៧៣.៤៥លានដូស ក្នុងនោះប្រជាជន២៩.៨លាននាក់ (៤២.៥៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖iStock/Tieataopoon
រូបថត៖TTXVN.VNA