ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តបែនដឹកដីក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុករះរថយន្ត Highlanderពីរគ្រឿង និងម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងទៀតដែលកំពុងឈប់រង់ចាំភ្លើងពណ៌ខៀវបណ្ដាលឲ្យម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ នឹង៥០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តHighlanderពីរគ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏ឈប់រង់ចាំភ្លើងពណ៌ខៀវ ពេលនោះស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-1203បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនសង្ស័យជាន់ហ្វ្រ័ងមិនស៊ី បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្តHighlanderពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-9570ដែលកំពុងឈប់ចាំភ្លើងស្តុបនៅទន្ទឹមនឹងម៉ូតូសណ្ដោងរ៉ឺម៉ក រួចរុញបន្តទៅបុករថយន្តHighlander មួយគ្រឿងទៀតពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P-4788ដែលឈប់ចាំភ្លើងពណ៌ខៀវនៅខាងមុខគេ បណ្ដាលឲ្យម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះរួមទាំងម៉ូតូសណ្ដោងរ៉ឺម៉ករងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខចុះទៅដល់ទីតាំងកើតហេតុ ហើយបានឲ្យតំណាងរថយន្តបែនដឹកដីនិងម្ចាស់រថយន្តហាយឡេនឌ័រធ្វើការសម្របសម្រួលគ្នាដោយម្ចាស់រថយន្តហាយឡេនឌ័រពណ៌សយល់ព្រមយកសំណង 300 ដុល្លារដើម្បីបញ្ចប់រឿង និងរថយន្តហាយឡេនឌ័រពណ៌ខ្មៅយកសំណង 150 ដុល្លារដើម្បីបញ្ចប់រឿង ចំណែករថយន្តបង្កនិងម៉ូតូសណ្ដោងរ៉ឺម៉កដោយធ្វើការចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចចរាចរណ៍បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖និនសុភ័ស្ត