ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងបរិស្ថាន នៅល្ងាចថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅក្នុងអំឡុងដំណើរបេសកកម្មចុះពិនិត្យការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ដែនរវាងព្រះរាជាណាកច្រកម្ពុជា និងថៃឡង់ដ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ខ្ញុំបានជួបជាមួយមនុស្សអស្ចារ្យជា ច្រើននៅក្នុងតំបន់នោះដែលពេលនេះ ខ្ញុំសូមលើកយកលោក សៃ ភន មកបង្ហាញ៖
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា លោក សៃ ភន គឺជាជនជាតិព័រ មានដើមកំណើតពីតំបន់ចិនយំ ក្នុងស្រុកវាលវែង ខេត្តពោធិ័សាត់ បច្ចុប្បន្នមានអាយុ ៥៨ ឆ្នាំ។ គាត់បានចូលបម្រើការងារកងទ័ពតាំងពីឆ្នាំ ១៩៧៩ និងនៅឈរជើងប្រចាំការនៅតំបន់សមរភូមិថ្មដាតាំងពីពេលនោះមកដើម្បីការពារប្រជាជនកម្ពុជា និងការពារបូរណភាពដែនដីកម្ពុជា។ លោកបាននិយាយប្រាប់ខ្ញុំថា លោកឈរជើងនៅតំបន់នេះដំបូងនៅឆ្នាំ ១៩៧៩ ជាមួយកម្លាំងចំនួន ៧០០ នាក់ ហើយបច្ចុប្បន្ននេះ អ្នកដែលនៅមានអាយុជីវិត និងបន្តបម្រើការងារនៅទីនេះមានមិនសល់ ៣ ឬ ៤ នាក់ប៉ុណ្ណោះ។ លោកថាលោកបានបម្រើការងារតាំងពីលោកនៅកំឡោះរហូតមកដល់ពេលនេះមានទាំងកូន ថែមទាំងចៅ ហើយកូនរបស់គាត់ក៏បានចូលបម្រើកងទ័ពដូចគាត់ ក្នុងអង្គភាពដូចគ្នានេះ។
លោកសៃ ភន បានថ្លែងថាទឹកចិត្តស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជារបស់លោកនៅដដែល និងកាន់តែមានភាពខ្លាំងក្លាថែមទៀតក្នុងការការពារសុខសន្តិភាព ការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។ នៅអំឡុងពេលសង្គ្រាមស៊ីវិលក្រោយរបបខ្មែរក្រហមបានដួលរលំទៅ លោកនិងយុទ្ធមិត្តបានឈរជើងនៅតំបន់ភ្នំសំកុសនេះដើម្បីវាយទប់ទល់នឹងកងទ័ពខ្មែរក្រហមដែលឈរជើងក្នុងទឹកដីថៃជាប់នឹងព្រំ ដែនក្នុងតំបន់ថ្មដា។ លោកបានរំឭកពីការសង្គ្រាមនៅតំបន់នោះដែលមានមនុស្សស្លាប់ជាច្រើននាក់ ហើយតំបន់អតីតសមរភូមិនេះនៅតែប្រឈមនឹងបញ្ហាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកមកពីសម័យសង្គ្រាម ដោយមិនហ៊ានចូលជ្រៅក្នុងតំបន់ឡើយ។
តំបន់សមរភូមិសង្គ្រាមថ្មដា បានបញ្ចប់នៅអំឡុងឆ្នាំ ១៩៩៨ ជាមួយនឹងការធ្វើសមាហរណកម្មចុងក្រោយរបស់កម្លាំងកងទ័ពខ្មែរក្រហមដែលនៅសេសសល់។ បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះៗដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន លោក សៃ ភន បន្តភារកិច្ចក្នុងការការពារសុខសន្តិភាព និងបូរណភាពទឹកដីកម្ពុជា។ លោកបានបំពេញការងារជាមួយអតីតគូសត្រូវក្នុង សង្គ្រាមស៊ីវិលដោយភាពសុខដុម និងសាមគ្គីភាព។ បច្ចុប្បន្ននេះ តំបន់ថ្មដាបានប្រែក្លាយពីអតីតតំបន់សមរភូមិមកជាតំបន់អភិវឌ្ឍរីកចម្រើន។ វីរៈភាព ការលះបង់សព្វបែបយ៉ាងដើម្បីភាពសុខសាន្តរបស់ពលរដ្ឋនិងជាតិកម្ពុជារបស់លោក សៃ ភន និងមិត្តរួមអាវុធរបស់លោកត្រូវបានចងចាំក្នុងចិត្តខ្ញុំជានិច្ច! ។
ដោយ៖សហការី