ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលគាតជិះម៉ូតូទៅប៉ះនឹងបង្កាន់ដៃស្ពានអាកាស៧មករា បណ្ដាលឱ្យធ្លាក់មកក្រោមបោកនឹងថ្នល់ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូzoomer-x ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GI-8911ធ្វើដំណើរឡើងលើស្ពានអាកាស ៧ មករាតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបំបែកចុងស្ពានបានបត់ស្ដាំដៃចុះមកផ្លូវកម្ពុជាក្រោម ហើយពេលមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃប៉ះបង្កាន់ដៃស្ពានបណ្ដាលឱ្យធ្លាក់ចុះមកក្រោមបោកនឹងថ្នល់រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ហើយរថយន្តសង្គ្រោះបន្ទាន់ក៏បានមកយកជនរងគ្រោះទៅព្យាបាល តែជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ គឺបានទាមទារត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង តែសមត្ថកិច្ចមិនព្រម ព្រោះខ្លាចជនរងគ្រោះធ្វើដំណើរទៅជួបគ្រោះថ្នាក់ទៀត ទើបសមត្ថកិច្ចសួរនាំជនរងគ្រោះរកលេខទូរស័ព្ទសាច់ញាតិដើម្បីទំនាក់ទំនងឱ្យមកកន្លែងកើតហេតុ។ ពេលសាច់ញាតិមកដល់បានឱ្យរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ សុខាសែនជ័យ