ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ឡិចសុីស RX300​ បុករបាំងថ្ម​ពុះចែកទ្រូងផ្លូវព្រះសីហនុទាំងមេឃកំពុងភ្លៀងខ្លាំង​ រងការខូចខាត​យ៉ាងដំណំ​

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ ឡិចសុីស​ RX300​ ក្នុងល្បឿនលឿន​និងមិនប្រយ័ត្ន​ទាំងមេឃកំពុងភ្លៀងខ្លាំង​បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយវិថីព្រះសីហនុ​ កែងផ្លូវលេខ១១៣​ ក្នុងសង្កាត់បឹងកេងកង២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

  យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​មេឃបានធ្លាក់ភ្លៀងជាខ្លាំង​ ខណៈពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក​ ឡិចសុីស RX300 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2Q-5168 បើកតាមបណ្ដោយវិថីព្រះសីហនុ​ពីលិចទៅកេីតក្នុងល្បឿនលឿន​ ហេីយបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់អស់២កង់​ ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។ 

    ក្រោយកេីតហេតុ​ គេឃេីញបុរសម្នាក់ដែលជាអ្នកបើកបរបានចុះពីលេីរថយន្តទាំងមិនមានរបួសអ្វីនោះទេ​ រួចហើយក៏ចាកចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ទៅ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖