ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន​ ស្ដីពីការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវទាំង៣៨ខ្សែ​ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាប​ នាថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា , នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨. ខ្សែ និងការស្តារ-កែលម្អដងស្ទឹងសៀមរាប អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោម លោកស្រី ជាសមាជិក គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជំនាញនៃក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបទៀត។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងស្តារ-កែលម្អដងស្ទឹងសៀមរាប ខេត្ត សៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ និងគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១។ គម្រោងនេះនឹងចូលរួម សម្រួលចរាចរណ៍ លើកកម្ពស់សោភណភាពទីក្រុង ទាក់ទាញទេសចរនិងវិនិយោគិន និងជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ធានាជំរុញអភិវឌ្ឍក្រុងសៀមរាបដែលជាតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ពិភពលោក ឱ្យក្លាយទៅជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤ ម៉ែត្រ  ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់នូលទឹកកខ្វក់និង លូទឹកភ្លៀង និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើង

បំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ សម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។

ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានករ៉ាកដល់អាងក្រពើ ប្រវែង សរុប ៩០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ រួមមានការសម្របសម្រួលដោះស្រាយ សំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០% ការយកសំណង់-តូបលក់ដូរចេញពី ដងស្ទឹង ការងារស្ដារភក់ពីបាតស្ទឹង ការងារទប់ដីមិនឱ្យបាក់ចោះតាមដងស្ទឹង ការងារស្ដារនិងក សម្រួលជម្រាលស្ទឹង ការងារសម្អាតនិងពង្រាបដី ការងារបំពេញដីតាមមាត់ស្ទឹង ការងារបង្វែរលូទឹក កខ្វក់ ការងារគាស់-ដាំកូនឈើឡើងវិញ ការងារចាក់បេតុងកម្រាលថ្មក្រានីត ការងារក្រាលថ្មក្រានីត ការងាររៀបចំតារាងកីឡាប៉េតង់ ការងារចាក់បេតុងចំណតរថយន្តទេសចរណ៍ RV ការងារដាំស្មៅជប៉ុន ការងាររៀបចំខឿនអង្គុយកម្សាន្ត ការងារដាំរុក្ខជាតិផ្កាប្របមាត់ស្ទឹង និងការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦% នៃផែនការ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖