គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United លោក Michael Carrick បានផ្ញើជ័យជម្នះដែលឈ្នះលើក្រុម Villarreal ទៅកាន់អតីតអ្នកចាត់ការលោក Ole Gunnar Solskjaer ខណៈដែលក្រុមនេះបានកក់កន្លែងរបស់ពួកគេក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ វិច្ឆិកានេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo និង Jadon Sancho បានជួយឱ្យអ្នកចាត់ការបណ្តោះអាសន្នលោក Carrick ទទួលជ័យជម្នះក្នុងការប្រកួតដំបូងរបស់គាត់ដែលត្រូវធ្វើជាគ្រូបណ្តោះអាសន្ន២ថ្ងៃបន្ទាប់ពីលោក Solskjaer ត្រូវបានបណ្តេញចេញ។
លោក Carrick ដែលធ្លាប់ឈ្នះ Champions League ជាមួយ United ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០០៨បាននិយាយថា “វាមិនមែនជាការងាយស្រួលប៉ុន្មានថ្ងៃសម្រាប់នរណាម្នាក់នៅក្នុងក្លិបនោះទេ ហើយលទ្ធផលនោះស្ទើរតែមានអារម្មណ៍ថាវាសម្រាប់ Ole។ យើងមានការងារត្រូវធ្វើ ហើយអ្វីៗត្រូវយកចិត្តទុកដាក់ ខ្ញុំសប្បាយចិត្តនឹងធ្វើវា ហើយអរគុណទាំងអស់ដែលបានទៅរៀបចំផែនការ។ នៅពេលដែលអ្នកបានទទួលលទ្ធផលល្អ ហើយមិនមានទម្រង់លេងល្អ ជាលក្ខណៈបុគ្គល និងជាក្រុម វាមិនងាយស្រួលទេក្នុងការប្រកួត”។
Ronaldo បានរក្សាកំណត់ត្រានៃការស៊ុតបញ្ចូលទីរបស់គាត់នៅគ្រប់ការប្រកួតក្នុងការប្រកួតរដូវកាលនេះ នៅពេលដែលគាត់បានស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី Geronimo Rulli នៅនាទី៧៨បន្ទាប់ពី Fred បានតាមយកបាល់ជាមួយ Etienne Capoue ហើយក៏ត្រូវជើង Ronaldo មានឱកាសស៊ុតតែម្តង។
គ្រាប់បាល់ទី២រកបានដោយខ្សែបម្រើស្លាប Sancho រកបាននៅនាទីទី៩០ ពីការបញ្ជូនបាល់ពីខ្សែបម្រើ Bruno Fernandes។ ទោះបីជាយ៉ាងណាក៏ដោយក្រុមបិសាចក្រហមមានសំណាងដោយត្រូវអ្នកចាំទី David de Gea ជួយសង្គ្រោះដោយដៃម្ខាងដ៏អស្ចារ្យចំនួន២ដងក្នុងពាក់កណ្តាលតង់ពីការស៊ុតបាល់ដោយ Manu Trigueros ។
ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហម Manchester United បានឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈ្នះក្នុងពូលជាមួយនឹងការប្រកួតនៅសល់១ប្រកួតទៀត បន្ទាប់ពីក្រុម Atalantaបាន ត្រឹមស្មើ ៣ទល់៣ ជាមួយក្រុមYoung Boys ក្នុងការប្រកួតបន្ទាប់នៅយប់ថ្ងៃអង្គារដែរ។ ចំណែកក្រុម Villarreal ក្រោយពីចាញ់ក្រុមភ្ញៀវ Man Utd បានបន្តឈរលេខរៀងទី២ ក្នុងពូលF មាន៧ពិន្ទុនៅក្នុងដៃដដែល ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)