ព័ត៌មានទាន់ហេតុការណ៍៖

មិនធម្មតា!! ដេញវាយនគរបាលចរាចរណ៍នៅស្ពានអាកាសស្ទឹងមានជ័យបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ ខណៈដែលបុរសម្នាក់បានដេញវាយប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកផ្អេីលពេញផ្លូវ​ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧​ កែងនឹងផ្លូវលេខ២៧១ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។យោងតាមសម្ដីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។ ខណ:ដែលសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1BG -5792ធ្វើដំណើរពីទិសដៅខាងកើតទៅទិសខាងលិចបម្រុងនឹងបត់ឆ្វេង តែពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសចរាចរណ៍បណ្តាលឱ្យដួលម៉ូតូ ប៉ុន្តែមិនបណ្តាលឱ្យរងរបួសនោះទេ។ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញវាយសមត្ថកិច្ចនិងគំរាមដកស័ក្តិចោលទៀតផង។បច្ចុប្បន្ននេះ​ បុរសជើងខ្លាំងខាងលើត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖