ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ១២រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈ កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាលលនព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន របៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មសុំដាក់សេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
២- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
៣- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់
សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
៤- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើទម្រង់ ខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ចំនួន៣ខាងលើ របស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច និងបានស្តាប់មតិពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក…អង្គប្រជុំក៏បានអនុម័តចំនួន១១សម្លេងនៃសមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាយល់ព្រមតាមសំណើរបស់គណកម្មការដែលជាវិស័យសមត្ថកិច្ចដាក់សេចក្តីព្រាងច្បាប់ទាំង៣ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០ព្រឹក ដោយមានរបៀបវារៈគឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ…៕
ដោយ៖ សូរិយា