ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងអាយុ១៥ឆ្នាំបាញ់ប្រហារបណ្តាលឱ្យសិស្ស៣នាក់ស្លាប់នៅសាលារៀន

ចែករំលែក៖

សហរដ្ឋអាមេរិក៖ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងតំបន់ Oxford Township ជិតតំបន់ Detroit នាល្ងាចថ្ងៃទី៣០ខែវិច្ឆិកា។ ជនដៃដល់ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនជាមួយនឹងកាំភ្លើងខ្លីមួយដើម។ នៅពេលនេះដែរប៉ូលិសមិនទាន់អាចកំណត់ពីមូលហេតុដែលបណ្តាលឱ្យមានការបាញ់ប្រហារនៅឡើយទេ។
មន្ត្រីប៉ូលិសក្នុងតំបន់លោក Oakland Michael McCabe បានឱ្យដឹងថា មានសិស្ស៣នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅសាលាមធ្យមសិក្សា Oxford និង៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះក៏មានគ្រូបង្រៀនម្នាក់ផងដែរ។ អ្នករងរបួស៦នាក់មានស្ថានភាពល្អប្រសើរ និង២នាក់ទៀតកំពុងតែវះកាត់។
ជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាជាសិស្សអាយុ១៥ឆ្នាំ រៀននៅក្នុងសាលានេះដែរ ហើយត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ។
លោក Oakland Michael McCabe បានបញ្ជាក់ថា លោកទទួលបានការហៅទូរស័ព្ទជាង ១០០លើកនៅរសៀលថ្ងៃទី ៣០ខែវិច្ឆិកា ផ្តល់ព័ត៌មានពីការបាញ់ប្រហារខាងលើ ។ ជនដៃដល់បានបាញ់ប្រមាណ១៥-២០គ្រាប់ ក្នុងរយៈពេល៥នាទី។
កម្លាំងប៉ូលិសក៏បានទំនាក់ទំនងទៅកាន់អាណាព្យាបាលសិស្សដែលជាជនដៃដល់ដើម្បីត្រួតពិនិត្យ។ នៅពេលនេះក្រុមជំនាញកំពុងស្រាវជ្រាវពីការបាញ់ប្រហារនោះតើមានចេតនាឬក៏យ៉ាងណា៕ ដោយ៖ធីរីណា

រូបថត៖TTXVN-VNA


ចែករំលែក៖