អតីតខ្សែបម្រើក្រុមហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ។ Kennedy ដែលបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន១៧ប្រកួតសម្រាប់ប្រទេសអង់គ្លេសត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺឈ្មោះ Parkinsonក្នុងឆ្នាំ១៩៨៤។
លោក Ray Kennedy បានស៊ុតបញ្ចូលទីចំនួន៧១គ្រាប់ក្នុង២១២ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ Arsenal ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ First Division និង FA Cup Double ក្នុងឆ្នាំ១៩៧១មុនពេលចូលរួមជាមួយក្រុម Liverpool ក្នុងឆ្នាំ១៩៧៤។
កំឡុងពេលប្រកបអាជីពរយៈពេល៨ឆ្នាំនៅទឹកដីកីឡដ្ឋាន Anfield ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន៧២គ្រាប់ក្នុងការបង្ហាញខ្លួន៣៩៣ដង លោក Kennedy បានឈ្នះពានរង្វាន់លីគចំនួន៥ និងពានរង្វាន់អឺរ៉ុបចំនួន៣។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Liverpool បានឲ្យដឹងថា លោក Kennedy ដែលបានឈ្នះពានរង្វាន់ធំៗចំនួន ១១ជាមួយហង្សក្រហមគឺជាវីរបុរសរបស់ក្រុម។
ចំណែកក្រុម Arsenal ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា “សម្រាប់អ្នកគាំទ្រ Arsenal មានសំណាងគ្រប់គ្រាន់ដែលបានឃើញលោក Ray Kennedy នៅក្នុងសកម្មភាពនោះ រូបភាពនឹងនៅតែជាវ័យជំទង់ដ៏ទាក់ទាញ គ្របដណ្តប់លើការការពារក្រុម ខណៈដែលការបង្ហាញខ្លួនរបស់គាត់បាននាំឱ្យក្លិបទទួលបានសមិទ្ធផលដ៏អស្ចារ្យបំផុតមួយនៅក្នុងការប្រកួត ហើយឈ្មោះរបស់គាត់នឹងតែងតែមានក្នុងចិត្តយើង”។
អតីតខ្សែប្រយុទ្ធក្រុម Liverpool លោក John Aldridge បាននិយាយនៅលើ Twitter ថា “Ray Kennedy គឺជាកីឡាករ និងជាបុរសដ៏គួរឱ្យស្រឡាញ់ ដែលបានទទួលរងនូវជំងឺ Parkinson ស្ទើរតែពេញមួយជីវិតរបស់គាត់”។
លោក Kennedy ដើមឡើយបានចាប់ផ្តើមជាខ្សែប្រយុទ្ធ ហើយបានចូលរួមជាមួយក្រុម Liverpool នៅថ្ងៃតែមួយដែលលោក Bill Shanklyលាលែងពីតំណែងជាអ្នកចាត់ការ។ ២ឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើក្លិបលោក Kennedy បានប្តូរតួនាទីលេងទៅកាន់ខ្សែបម្រើកណ្តាល ដែលជាតំណែងដែលគាត់នឹងនៅបន្តក្នុងអាជីពរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)