ក្រោយការធ្វើរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាខែកុម្ភៈឆ្នាំ២០២១មក ក្រុមបដិវត្តន៍ប្រដាប់អាវុធប្រឆាំងយោធាបានកើនឡើងជាច្រើន ដោយមានការចូលរួមពីក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេសនេះទៀតផង ដែល ទាំងនោះហើយបានធ្វើឱ្យកម្លាំងយោធារដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបែងចែកកម្លាំងដើម្បីទប់ទល់ការងើបឡើងប្រឆាំង។
សមរភូមិកើតឡើងនៅក្នុងតំបន់ Thantlang រដ្ឋ Chin ប្រទេសមីយ៉ាន់ម៉ា ហើយនៅទីនោះទាហានបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកម្លាំងការពារប្រជាជនមីយ៉ាន់ម៉ា (PDF) ដែលជាកម្លាំងប្រឆាំង ។ ការប៉ះទង្គិចគ្នានោះបណ្តាលឱ្យពលរដ្ឋជាង៨ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRWដែលមានទីតាំងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពេលថ្មីៗនេះបានចោទប្រកាន់កម្លាំងទាហានយោធាបានដុតបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានឱ្យដឹងថា កម្លាំងទាហានបានប្រតិកម្មតបតនឹងការវាយប្រហាររបស់ទាហាន PDF តែប៉ុណ្ណោះ ហើយពួកគេជាអ្នកដុតផ្ទះដើម្បីទម្លាក់កំហុសមកលើយោធា ។
ការប្រកាសរបស់លោក Zaw Min Tun បានផ្សព្វផ្សាយពេញបណ្តាញសង្គមដែលគ្រប់គ្រងដោយយោធា បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះទាហាន PDF បានទម្លាក់កំហុសមកលើយោធាដែលកំពុងគ្រប់គ្រងប្រទេស។ កម្លាំងទាហានយោធាបានចាត់ទុកក្រុមទាហានប្រជាជនថាជាក្រុមភេរវកម្ម៕
ដោយ៖ធីរីណា(រូបថត៖The Diplomat)