ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាសូរណាស់លោកអេីយ​! យុវជនម្នាក់​ ជិះម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ ហេតុការណ៍​គួរឱ្យរន្ធត់មួយ​ បានកេីតឡេីង​បន្ទាប់ពី​យុវជនម្នាក់​ បានជិះម៉ូតូដួលចូលក្រោមរថយន្ត​ កិនអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម​ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ​ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៨០-៨១ ត្រង់ចំណុចភូមិ​ពាមទុង ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បេី​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ សាកសព​មានឈ្មោះ ពិន រ៉ាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដំណាក់ត្រាច​ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​ ដោយ​មុនពេលកើតហេតុ​ គេឃើញជនរងគ្រោះ​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1FO-2293 បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ​ ក៏បានរេចង្កូតដួលចូលក្រោមរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា អូសជាច្រើនម៉ែត្របណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។ 

មន្រ្តីដដែលបន្តថា​ ក្រោយកើតហេតុ សពយុវជនឈ្មោះ(ពិន រ៉ាន់)​បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។​ ចំណែក​វត្ថុតាងម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរ រងចាំសមត្ថកិច្ចធ្វេីការស្រាវជ្រាវរករថយន្តដែលកិនជនរងគ្រោះ​ ដេីម្បីដោះស្រាយនៅពេលក្រោយ៕

ដោយ​៖សហការី​


ចែករំលែក៖