ខេត្តរតនគិរី៖ នៅពេលនេះអាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំងនៅតាមបណ្តាខេត្តភូមិភាគឦសានជាពិសេសខេត្តរតនគិរី ។ អាកាសធាតុត្រជាក់ត្រូវការអាវរងា ដូច្នេះគេសង្កេតឃើញនៅផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួនក្នុងខេត្តរតនគិរីមានប្រជាពលរដ្ឋជាច្រើននាំគ្នាទិញខោអាវរងាជជុះពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់នេះ។
ប្រជាពលរដ្ឋប្រុស-ស្រីជាច្រើនរស់នៅក្នុងក្រុងបានលុង និយាយស្រដៀងគ្នាថា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយនឹងខ្យល់ខ្លាំងផងនោះ ចាំបាច់តម្រូវឱ្យពួកគាត់ប្រញាប់ប្រញាល់ស្វែងរកទិញ អាវរងាក្រាស់ៗសម្រាប់ពាក់ដើម្បី ទប់ស្កាត់អាកាសធាតុត្រជាក់។ ពួកគាត់ត្រូវការទិញមួកអំបោះ, ស្រោមដៃ, ស្រោមជើង និងខោអាវរងាក្រាស់ៗដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់នេះ ពិសេសត្រៀមបង្ការសម្រាប់ឪពុកម្តាយ ជីដូនជីតាដែលមានអាយុច្រើន ដែលពួកគាត់ចាញ់នឹងភាពត្រជាក់ព្រមទាំង កូននិងចៅតូចៗជាដើម។
ប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលកំពុងទិញខោអាវរងាឱ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួលត្រជាក់តាមរដូវកាល ជាបន្តបន្ទាប់មួយរយៈពេលចុងក្រោយមកនេះ គឺមានភាពត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ខាងលើ គាត់បានមកកាន់ផ្សារបានលុងដើម្បីរកទិញខោឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយពេលយូរទៀត។ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺស្របទៅនឹងការប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់១៤ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី១៩-២២ºC សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ១៧-២០°C សីតុណ្ហភាពអតិបរមាមានពី ២៧-២៩°C។ សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមានៅក្នុងរង្វង់ ១៧°C ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣°C – សីតុណ្ហភាពអតិបរមា មានពី៣០-៣២ ºC។
ដោយឡែកក្រសួងសុខាភិបាលក៏បានចេញសេចក្តីណែនាំជូនសាធារណជនទូទៅឲ្យមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ បច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលហើយខ្យល់ត្រជាក់នៃរដូវរងាក៏បានមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះផងដែរ។
យ៉ាងណាក៏ដោយអាជ្ញាធរក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបណ្ដាខេត្តភាគឦសានក៏បានចែកអាវរងាជូនប្រជាពលរដ្ឋផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ យ៉ាងណាក៏ដោយអំណោយអាវរងានេះមិនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍ស្របពេលដែលអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំងនោះឡើយ៕
ដោយ ៖ សូរិយា