សមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) បានចេញមុខសុំទោសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា សមាគមនេះធ្លាប់បានផ្តល់ “សេវាផ្លូវភេទ” ដល់អាជ្ញាកណ្តាលបរទេស ខណៈពួកគេមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកាត់ក្តីការប្រកួតអន្តរជាតិ កាលពីជាងមួយទសវត្សរ៍មុន។
ស្ថានីយទូរទស្សន៍កូរ៉េខាងត្បូង JTBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា KFA បានផ្តល់សេវាបែបនេះដល់អាជ្ញាកណ្តាលបរទេសជាច្រើនលើកក្នុងឆ្នាំ 2011 និង 2012 រួមទាំងអំឡុងពេលពួកគេមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីកាត់ក្តីការប្រកួតជម្រុះ World Cup 2014 និង កីឡាអូឡាំពិកទីក្រុងឡុងដ៍ 2012។
KFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖
“យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការធ្វើឱ្យមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងបញ្ហាជាច្រើនរបស់សមាគម ដែលបានលេចឡើងពីការសវនាការនៅសភា ការឆែកឆេរ និងរឹបអូសដែលមិនធ្លាប់មានពីមុនមក ព្រមទាំងរបាយការណ៍អំពីព្រឹត្តិការណ៍ដែលបានកើតឡើងជាងមួយទសវត្សរ៍មុន ដែលសូម្បីតែមនុស្សជាច្រើននៅក្នុងអង្គការផ្ទាល់ ក៏មិនបានដឹងអំពីវាដែរ”។
នៅក្នុងរបាយការណ៍របស់ខ្លួន JTBC បានយោងទៅលើការស៊ើបអង្កេតរបស់ក្រសួងកីឡាកូរ៉េខាងត្បូងក្នុងឆ្នាំ 2016 ដែលបានរកឃើញថា KFA បានផ្តល់ការកម្សាន្តដែលមិនសមរម្យដល់អាជ្ញាកណ្តាលបរទេសចំនួន 7 លើក ចន្លោះខែមីនា ឆ្នាំ 2011 និងខែមីនា ឆ្នាំ 2012។
ការកម្សាន្តទាំងនោះរួមមានការនាំអាជ្ញាកណ្តាលទៅកាន់ហាងម៉ាស្សាមួយចំនួន ដែលការចំណាយបានរួមបញ្ចូលថ្លៃសេវាផ្លូវភេទផងដែរ។
KFA មិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីមែលដែលស្នើសុំការបកស្រាយបន្ថែម និងព័ត៌មានលម្អិតអំពីការចោទប្រកាន់នេះឡើយ។
KFA បានបញ្ជាក់ថា៖
“សមាគមសូមបញ្ជាក់យ៉ាងច្បាស់ថា អំពើមិនសមរម្យប្រភេទនេះ ឬការប្រើប្រាស់កាតក្រុមហ៊ុនសម្រាប់គោលបំណងបែបនេះ មិនកំពុងកើតឡើងនាពេលបច្ចុប្បន្នឡើយ”។
ការចោទប្រកាន់ថ្មីនេះបានបន្ថែមសម្ពាធទៅលើ KFA ដែលកំពុងប្រឈមនឹងការត្រួតពិនិត្យយ៉ាងខ្លាំងរួចទៅហើយ ពាក់ព័ន្ធនឹងបញ្ហាផ្សេងមួយទៀត គឺការតែងតាំង Hong Myung-bo ជាគ្រូបង្វឹកក្រុមជម្រើសជាតិ។
ប៉ូលិសទីក្រុងសេអ៊ូលបានឆ្មក់ចូលការិយាល័យរបស់ KFA កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងការតែងតាំង Hong Myung-bo។
Hong បានត្រឡប់មកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងវិញក្នុងឆ្នាំ 2024 បន្ទាប់ពីធ្លាប់ដឹកនាំក្រុមពីឆ្នាំ 2013 ដល់ 2014។
ការតែងតាំងរបស់គាត់បានបង្កឱ្យមានការរិះគន់ បន្ទាប់ពី KFA បានបោះបង់ចោលការស្វែងរកគ្រូបង្វឹកបរទេសដែលបានដំណើរការអស់រយៈពេលជាច្រើនខែ ហើយបែរជាជ្រើសរើស Hong បន្ទាប់ពីការជួបពិភាក្សាខ្លីមួយ។
ភាពចម្រូងចម្រាសនេះបានលេចឡើងជាថ្មី បន្ទាប់ពីយុទ្ធនាការ World Cup របស់កូរ៉េខាងត្បូងបានបញ្ចប់ដោយលទ្ធផលខកចិត្ត និងការធ្លាក់ចេញតាំងពីវគ្គចែកពូល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច