ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆ្លងកូវីដ-១៩នៅវៀតណាមបានកើនឡើង ឯនៅថៃធ្លាក់ចុះ

ចែករំលែក៖

កាលពីយប់ថ្ងៃទី៦ ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ចំនួន១៤,៥៩១ករណីបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈដែលទីក្រុងហូជីមិញនៅតែជាទីក្រុងដែលមានចំនួនអ្នកឆ្លងច្រើនជាងគេដដែល។

ចំណែកនៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៥២៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៦,១០៩នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១៤៨,៧៦៦ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៩៩៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,០៦១,៣៧៤នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩៥.៧លានដូស ក្នុងនោះប្រជាជន ៤២.៧២លាននាក់ (៦១.០៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា

រូបថត៖TTXVN.VNA


ចែករំលែក៖