ខេត្តកំពង់ចាម ៖ ឃាតកដែលប្រេីកាំបិត ខ្វែវកាប់ទៅលេីយុវជនរងគ្រោះម្នាក់បណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ប្រព្រឹត្តនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ហេីយរត់គេចខ្លួនបានប្រមាណជាង២០ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចនៃខេត្តកំពង់ចាមសហការជាមួយសមត្ថកិច្ចនៃខេត្តស្វាយរៀងចាប់ឃាត់ខ្លួនបានហេីយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទីម្សិលមិញនេះ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រោយហេតុការណ៍កើតឡើងភ្លាមលោកបានចាត់តាំងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ទៅសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូតកំណត់មុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ ឆេន ឆៃវុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការល្អពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមកដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការសហការស្រាវជ្រាវចាប់ខ្លួនឈ្មោះ ឆេន ឆៃវុត បាននៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមអំណាចដីកាបញ្ជាឲ្យចូលខ្លួនលេខ១៥ អ.យ.គ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ចេញដោយលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម (ដោយក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបខាងលើ ធ្វើឡើងក្នុងរយះពេល២០ថ្ងៃប៉ុណ្ណោះ) ។
ក្រោមការសួរចម្លើយ ឈ្មោះ ឆេន ឆៃវុត បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ ញ៉ វិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើពិតប្រាកមែន (មូលហេតុធ្លាប់មានទំនាស់ជាមួយគ្នា ពេលលេងបាល់កាលពីរយៈពេល០២ខែមុន)។
បច្ចបុ្បន្នឈ្មោះ ឆេន ឆៃវុត ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ វណ្ណៈ