ភ្នំពេញ ៖ ព្រះមេរុ តម្កល់ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះភ្លើង បូជាព្រះសព នៅមុខវត្តបទុកវតី រាជធានីភ្នំពេញ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។
ដើម្បីជាការដឹងគុណ និងចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាតិ ដោយតម្រូវឱ្យគ្រប់ ក្រសួង សា្ថប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជន ទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ។
ជាមួយគ្នានោះគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និង ឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវ ទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយ គគ្រឹកគគ្រេង ខណៈអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ដ រង្គសាល និងបៀហ្គាឌិននៅទូទាំងប្រទេសផ្អាកអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវ ផ្អាកសកម្មភាពលក់គ្រឿងស្រវឹងដើម្បីចូលរួមគោរព វិញ្ញណក្ខន្ដដល់សម្តេចក្រុមព្រះ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា, ព្រះបុត្រានៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក្នុងព្រះរាជពិធីប្រទានភ្លើងព្រះសព រួមមាន :
១. ព្រះអង្គម្ចាស់ នរោត្តម ចក្រវុឌ្ឍ
២. ព្រះអង្គម្ចាស់ នរោត្តម សហឬទ្ធិ
៣. ព្រះអង្គម្ចាស់ នរោត្តម សុធាឬទ្ធិ
៤. ព្រះអង្គម្ចាស់ នរោត្តម រណវង្ស ៕
ដោយ ៖ សិលា