ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូវ ម៉ានិត អញ្ជើញចុះពិនិត្យការដាក់គ្រឿងចក្រស្ថាបនាផ្លូវមេបន្ថែមទៀតក្នុងសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារយកគ្រឿងចក្រចុះទៅស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង៤៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ម៉ូវ ម៉ានិត បានអោយដឹងថា ការយកគ្រឿងចក្រ ចុះទៅស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងគោលបំណង ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋានដែលកន្លងមកបានកកស្ទះ នាំឲ្យបងប្អូនបាត់បង់ពេលវេលាប្រកបកិច្ចការ។

លោកអភិបាលខណ្ឌសែនសុខ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខថា បន្ទាប់ពីផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ហើយ បងប្អូនត្រូវនាំគ្នាចូលរួមថែទាំទាំងអស់គ្នាព្រោះជា ទ្រព្យសម្បត្តិកេរ្តិ៍ដំណែលតកូនតចៅ ជំនាន់ក្រោយៗទៀត។

លោកអភិបាលខណ្ឌបន្តថា ការងារស្ថាបនាផ្លូវនេះ មិនមែនធ្វើតែក្នុងសង្កាត់ក្រាំងធ្នង់តែមួយនោះទេគឺបន្តធ្វើគ្រប់សង្កាត់ទាំងអស់ក្នុងខណ្ឌសែនសុខ តាមការកំណត់ដូចដែលមានតាមកម្មវិធីរបស់ខណ្ឌ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖