ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននឹងក្លាយជាប្រទេសបន្ទាប់មិនបញ្ជូនមន្ត្រីទៅចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង

ចែករំលែក៖

សារព័ត៌មាន Yomiuri របស់ជប៉ុននៅថ្ងៃទី១១ខែធ្នូ បានដកស្រង់ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តបានផ្សាយថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនអាចនឹងមិនទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២នៅទីក្រុងប៉េកាំងនោះឡើយ។ ប្រសិនបើនោះជាការណ៍ពិត ជប៉ុនគឺជាប្រទេសទី៧ ហើយ បន្ទាប់ពីអាមេរិក អង់គ្លេស កាណាដា នូវែលហ្សេឡង់ Lithuania និងអូស្ត្រាលី ដែលបានសម្រេចមិនបញ្ជូនមន្ត្រីទៅចូលរួម ដើម្បីប្រឆាំងការរំលោភសិទ្ធិមនុស្សរបស់ចិន។
សារព័ត៌មាន Yomiri បានផ្សាយថា ការសម្រេចចុងក្រោយពីការបញ្ជូនមន្ត្រីទៅចូលរួមកីឡាអូឡាំពិកដែរឬទេនោះនឹងសម្រេចនៅចុងខែធ្នូនេះ ។ បច្ចុប្បន្ន មន្ត្រីដែលអាចទៅចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងា គឺលោក Koji Murofushi គណៈកម្មការកីឡាជប៉ុន ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida រងគំនាបយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេសឱ្យធ្វើពហិការកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង។ សមាជិកគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាចបានលើកឡើងថា ជប៉ុនគួរតែដើរតាមប្រទេសមួយចំនួនដែលមិនបញ្ជូនមន្ត្រីទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង។
នាយករដ្ឋមន្ត្រី Kishida បានលើកឡើងថា លោករង់ចាំមើលបណ្តាប្រទេសតើមានប្រតិកម្មបែបណា ទើបសម្រេចចុងក្រោយ។ ក្នុងពេលជាមួយគ្នានេះដែរ មានការអំពាវនាវជាច្រើនឱ្យជប៉ុនមានសកម្មភាពមុឺងម៉ាត់ជាមួយចិន ។ នៅក្នុងពិធីបើការប្រកួតនិងបិទការប្រកួតកីឡាអូឡាំពិករដូវរងា បណ្តាប្រទេសតែងតែបញ្ជូនមន្ត្រីទៅចូលរួម ។ ក្នុងពេលនេះដែរ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកពិភពលោក IOC បានបញ្ជាក់ថា «IOC នៅតែរក្សាគោលជំហរមិនប្រឡូកប្រឡាក់រវាងកីឡានឹងនយោបាយនោះឡើយ៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖