ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចតាមឃាត់ខ្លួនក្រុមធាក់ប្លន់យកម៉ូតូ៥នាក់និងអ្នកទទួលផលចោរកម្មម្នាក់ក្រោយពីធ្វេីសកម្មភាពប្លន់យកម៉ូតូនិចមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋតាមដងផ្លូវនាពេលរាត្រី និងអ្នកទទួលផលចោរកម្មម្នាក់ទៀត។ 

ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចភូមិអញ្ចាញ​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យខាងលេីជាមុខសញ្ញាវាយ​ធាក់ផ្តួលម៉ូតូពលរដ្ឋតាមផ្លូវនាពេលរាត្រី រួចក៏ប្លន់យកម៉ូតូតែម្តង។ 

គួរបញ្ជាក់ថា​ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២១​ ក្រុមជនសង្ស័យបានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាកsuzuki និច​ មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព​ នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្ដីមានឈ្មោះស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធ មានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។ 

ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់។ចំណែកបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖