ម្ចាស់ជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ) ក្រុមជម្រើសជាតិអុីតាលី នឹងត្រូវជួបក្រុមម្ចាស់ជើងឯក Copa America ក្រុមជម្រើសជាតិអាហ្សង់ទីន នៅទីក្រុងឡុងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងសហព័ន្ធបាល់ទាត់តំបន់អាមេរិកខាងត្បូង Conmebol បានព្រមព្រៀងគ្នាក្នុងខែកញ្ញា ដើម្បីលេងការប្រកួតអន្តរទ្វីបចំនួន៣។ ចំណែកកីឡដ្ឋាននៃការប្រកួតអន្តរទ្វីបនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា “វាជាមោទនភាពដ៏អស្ចារ្យដែលយើងកំពុងរៀបចំឡើងវិញនូវពានរង្វាន់ជម្រើសជាតិដ៏មានកិត្យានុភាពបែបនេះ។ មានប្រពៃណីយូរអង្វែងនៃកិច្ចសហប្រតិបត្តិការរវាង Uefa និង Conmebol ដូចដែលអាចត្រូវបានធ្វើជាសាក្សីក្នុងរយៈពេលជាច្រើនឆ្នាំជាមួយនឹងការប្រកួតប្រជែងដូចជាពានរង្វាន់ Artemio Franchi Trophy និង Intercontinental Cup” ។
ម្ចាស់ជើងឯកនៃការប្រកួតក្លិបលំដាប់កំពូលនៃទ្វីបនីមួយៗបានជួបគ្នាជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៦០មុនពេលការប្រកួតនេះត្រូវបានបញ្ចូលគ្នាជាមួយ FIFA Club World Cup ក្នុងឆ្នាំ២០០៥។ ប៉ុន្តែកិច្ចព្រមព្រៀងស្រដៀងគ្នានេះមិនទាន់មានសម្រាប់ម្ចាស់ជើងឯកនៃការប្រកួតអន្តរជាតិរៀងៗខ្លួនដូចជា ជើងឯកអឺរ៉ុប និងជើងឯក Copa America នៅឡើយទេ។
ការប្រកួតពានរង្វាន់អន្តរទ្វីបគឺជាជំហានចុងក្រោយបង្អស់ក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង UEFA នឹង Conmebol ដោយកិច្ចព្រមព្រៀងនឹងកើតឡើងភ្លាមៗបន្ទាប់ពីសហព័ន្ធទាំង២បានជំទាស់នឹងសំណើរបស់ FIFA ដើម្បីធ្វើកំណែទម្រង់ការប្រកួតអន្តរជាតិ ដែលរួមមានការរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង។
គួររំលឹកថា ក្រុមជម្រើសជាតិអុីតាលីគឺជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប២០២០ ក្រោយពីការពន្យារពេលការប្រកួតដែលត្រូវរៀបចំឡើងនៅឆ្នាំ២០២១នេះ ដែលធ្វើឲ្យអុីតាលីក្លាយជាម្ចាស់ជើងឯកយូរ៉ូក្រោយពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងបាល់កាត់សេចក្តីប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែកក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះពានរង្វាន់ Copa America ដែលពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូងក្រោយពីក្រុមនេះបានយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីលក្នុងលទ្ធផល១ទល់០ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)