ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតរវាង Arsenal នឹង Wolves នៅ Premier League ត្រូវពន្យារពេលដោយសារ COVID-19

ចែករំលែក៖

លីគបានប្រកាសកាលពីថ្ងៃចន្ទថា ការប្រកួតក្របខ័ណ្ឌ Premier League របស់ក្រុម Wolverhampton Wanderers នៅលើទឹកដីក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអង្គារនេះត្រូវបានពន្យារពេលដោយសារតែកើតមានករណី COVID-19 និងការរងរបួសរបស់កីឡាករនៅក្នុងក្រុម Wolves ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ។

ការប្រកួត Premier League សរុបចំនួន១៥ត្រូវបានពន្យារពេលក្នុងខែនេះ ដោយសារកើតមានករណីឆ្លង COVID-19 ប៉ុន្តែលីគកំពូលមួយនេះបានអះអាងថា ខ្លួនមានបំណងបន្តកាលវិភាគប្រកួតដែលអាចធ្វើទៅបានដោយសុវត្ថិភាព។

លីគបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាភិបាលនៃក្របខ័ណ្ឌ Premier League បានទទួលយកពាក្យសុំពន្យារពេលនេះ ដោយសារក្រុម Wolverhampton មិនមានចំនួនកីឡាករដែលត្រូវការសម្រាប់ការប្រកួតនោះទេ ដោយសារតែករណីឆ្លង និងរបួសជាច្រើននៅក្នុងក្លិប” ។

Premier League ផ្តល់ការពន្យារពេល ប្រសិនបើក្លិបមួយមានកីឡាករតិចជាង១៤នាក់ កីឡាករក្រៅទីលាន១៣នាក់ និងអ្នកចាំទីម្នាក់ ហើយអាចលេងបានដោយក្រុមប្រឹក្សាភិបាលពិនិត្យសំណើតាមករណីនីមួយៗ។

ការពន្យារពេលនេះគឺជាការប្រកួតលើកទី២របស់ក្រុម Wolves ដែលត្រូវបានពន្យារពេលក្នុងរដូវកាលនេះ បន្ទាប់ពីការប្រកួតក្នុងថ្ងៃ Boxing Day របស់ក្រុមនៅទឹកដី Watford ក៏ត្រូវបានលុបចោលផងដែរ ដោយសារតែករណី COVID-19 នៅក្នុងជំរុំហ្វឹកហាត់របស់ក្រុម Watford ។

ជាមួយគ្នានេះការប្រកួតក្នុងផ្ទះរបស់ Leeds United ទល់នឹងក្រុម Aston Villa នៅថ្ងៃអង្គារនេះក៏ត្រូវបានផ្អាកផងដែរ ដោយសារករណីវិជ្ជមាន COVID-19 និងរបួសនៅក្នុងក្រុម Leeds ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖