ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីជូនដំណឹងស្ដីពីការចាកចេញពីដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បុគ្គលដែលពាក់ព័ន្ធ រួមមាន ៖ អ្នកផ្ដើម គំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន និងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់ សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងដីគម្របព្រៃឈើ តំបន់អភិរក្សធនធាន ធម្មជាតិ ដីព្រៃការពារ របៀងអភិរក្សជីវៈចម្រុះ ដែលជាដីឯកជន និងដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្ត មណ្ឌលគិរី ឱ្យបានជ្រាបថា ៖ សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទល្មើស ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ក្រម ព្រហ្មទណ្ឌ នៃច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ភូមិបាល និងច្បាប់សំណង់ ដែលមាន នៅជាធរមាន ។

ក្នុងន័យនេះ ដើម្បីជៀសវាងការប្រឈមនូវទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវ ជាថ្មីម្តងទៀត ដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយ ត្រូវធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដើម្បី កាន់កាប់ និងគ្រប់គ្រងដីរបស់រដ្ឋវិញ ។

បុគ្គលទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់

ដូចខាងក្រោម ៖

១- មាត្រា៩៧ និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ គឺជនណាដែលបានប្រព្រឹទ្ធបទល្មើសដូចជា៖ ក្លែងបន្លំ លិខិតសាធារណៈ ដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬ សត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬ លួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរ លប់បំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមា នៃតំបន់ការពារព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃ ត្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យមានភ្លើងឆេះព្រៃដោយ ចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារចាប់ពី ០៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវរឹប អូសវត្ថុតាងទាំងអស់យកមកធ្វើជាសម្បត្តិរដ្ឋ ។ ករណីជនប្រព្រឹត្តល្មើសមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេរដង នៃទោស ខាងលើ ។

២- មាត្រា៥៦ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ បានចែងថា ជនដែលបានប្រព្រឹត្ត បទល្មើសណាមួយរួមមាន ៖ កាប់គាស់ រុករានដីព្រៃ កាប់ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ឬការ យកថ្ម ក្រួស ខ្សាច់ រ៉ែ ការកាប់គាស់ឈូសឆាយ កាយយកដី ឬចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹក ដោយ គ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយត្រូវដាក់ពន្ធនាគារចាប់ពី ០៥ឆ្នាំ ដល់ ១០ឆ្នាំ និង/ឬ ទោសពិន័យជាប្រាក់ចាប់ពី ១៥លានរៀល ទៅ ១៥០លានរៀល ។ ករណីបុគ្គលប្រព្រឹត្តបទល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ចាប់ពី ១៥០លានរៀល ទៅ ២៥០លានរៀល ។ 

៣- មាត្រា២៥៩ នៃច្បាប់ភូមិបាល ចែងថា ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោស

ពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ៥០,០០០,០០០រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ ។

ទទួលបានសេចក្ដីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចុះពិនិត្យ និងមាន វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតតាមខ្លឹមសារ នៃលិខិតនេះ ។ សូម បុគ្គលពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយស្មារតីទទួលខុស ត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖