ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្ត ព្រះសីហនុ បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៌ថា អ្នករដ្ឋបាលត្រូវប្រកាន់ខ្ជាប់ជាអ្នកដឹកនាំ ជាការទទួលខុសត្រូវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ភាពថ្លៃថ្នូរ អកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ ចេះយល់អារម្មណ៌អ្នកដទៃ ដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព។ អ្នករដ្ឋបាលមានរបៀបរបបការងារជាអ្នកដឹកនាំត្រូវសិក្សាស្រាវជ្រាវចេះវិភាគពិសេសការទទួលខុសត្រូវជាការងារជាសំខាន់ អ្នករដ្ឋបាលត្រូវមានគោលដៅចេះរៀបចំផែនការ ចេះបត់បែន និងការរៀនសូត្រនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ចេះចែករំលែក ព្យាយាមធ្វើការកែទម្រង់ហើយត្រូវមានទំនាក់ទំនងសាធារណះល្អ ផ្សាភ្ជាប់និងសង្គម រក្សាបាននូវតុល្យភាពសមូហភាពប្រកបដោយប្រសិទ្ធភាព ក្នុងការបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព ហើយត្រូវចេះភាសារបរទេសជាចំណុចសំខាន់មួយ។ ការលើកឡើងនេះបានធ្វើនៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលប្រចាំឆ្នាំ២០២១ ដែលបានចូលជួបសំដែងការគួសម និងសុំផ្តល់អនុសាសន៍ថ្មីៗ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានជំរាបជូនកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល អំពីសកម្មភាពផែនការការងារដឹកនាំលើគ្រប់វិស័យផ្សេង និងការប្រែក្លាយខេត្តព្រះសីហនុចេញពីវិបត្តិកូវីដ-១៩ ក្នុងនោះយើងក៏មានឪកាសទាញយកការស្ថារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោ បាយ យុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ៥ឆ្នាំឡើងនៅទូទាំងប្រទេស ធ្វើឱ្យកម្ពុជាប្រកាសបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ម្យ៉ាងទៀតអ្នកវិទ្យាសាស្រ្តកំពុងខិតខំស្រាវជ្រាវរកវ៉ាក់សាំង និងថ្នាំគ្រាប់បង្ការជំងឺកូវីដ-១៩។
លោកបានបន្តថា រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ទាមទារឱ្យយើងមានធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ប្រសិនបើយើងមិនមានធនធានមនុស្ស ការរៀបចំផែនការមេរបស់យើងមិនអាចទទួលបានជោគជ័យនោះទេ។ រាជរដ្ឋាភិបាលចង់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា និងប្រែក្លាយជាសេដ្ឋកិច្ចកសិឧស្សាហកម្ម និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្តក៏បានជូនពរ កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលទាំងអស់ ក្រោយទទួលបានចំណេះដឹង និងពុទ្ធិ បទពិសោធន៍ល្អៗ ដើម្បីយកទៅបំពេញការងារនៅក្នុងអង្គភាព ស្ថាប័នរបស់ខ្លួន ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖សហការី