ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលបានដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ហើយធ្លាក់ទៅទើរលើថាសស្ពាន ស្លាប់គួរឱ្យសង្វេគណាស់ ហើយកាលពីវេលាកើតហេតុភ្លាមៗនោះគេពុំទាន់បានស្គាល់អត្តសញ្ញាណឡើយ តែឥឡូវនេះគេបានស្គាល់ហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាប្រហែលម៉ោង៩ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានគីហ្សូណា ចន្លោះបង្គោលទី៦ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្ត កំពង់ចាម ។ រហូតមកដល់វេលាម៉ោង ១៣ : ០០ នាទី ទើបកម្លាំងនគរបាលក្រុងកំពង់ចាមស្រាវជ្រាវរកឃើញសាច់ញាតិសពខាងលើ ។
បើតាមការបញ្ជាក់ពីសាច់ញាតិរបស់សាកសពបានឱ្យដឹងថា សពមានឈ្មោះ រស់ ពីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះពីមុនជាមនុស្សមានសតិល្អប្រក្រតីទេ លុះក្រោយមកគាត់មានសតិមិនប្រក្រតីឡើយ ។
សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅផ្ទះ ធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណៈ