ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលរឿងអតីតកីឡាករ ជាស ស្រួច សារភាពថាហ៊ឺហាតែសម្បកក្រៅគ្មានចំណូលមួយរៀលបីបួនខែមកហើយ

ចែករំលែក៖

     ភ្នំពេញ៖ ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅពេលនេះគឺក្រោយពីអតីតកីឡាករ និងជាតារាសម្តែង លោក ជាស ស្រួច ជាមកពោលរអ៊ូថាគ្មានចំណូល៣បួនខែហើយសូម្បីតែ១រៀលក៏គ្មាន ហើយពោលពាក្យចង់ទៅរស់នៅជីវិតបែបសាមញ្ញមួយទៅវិញ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីមុននេះគេទើបនឹងបានឃើញលោកអង្គុយលើកៅអីធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប្រកាសលក់រថយន្តទំនើបនិងលក់បង្កងអូស្តា្រលីស្រស់ពីកសិដ្ឋានផ្ទាល់ខ្លួននោះ។ 

  អ្នកតាមដានជីវិតកីឡាកររូបនេះកន្លងទៅបានសាទរវាសនាលោក ជាស ស្រួច ដែលបានរីកមុខរីកមាត់ ហ៊ឹហា ប៉ុន្តែ បែជាមកពោលពាក្យយ៉ាងកម្សត់មួយចំនួនធ្វើឲ្យគេស្រងាកចិត្តគ្រប់ៗគ្នា ព្រោះគេចាំបានថាកាលពីអំឡុងដើមខែមេសាឆ្នាំ២០២១អតីតកីឡាករ និងតារាសម្តែង លោក ជាស ស្រួច ត្រូវបានគេផ្សព្វផ្សាយព្រោងព្រាតអំពីការធ្លាក់ខ្លួនក្រីក្រខ្វះខាតសូម្បីអាហារទទួលទាន និងរស់នៅជាមួយភរិយាដែលទើបសម្រាលបានកូនម្នាក់យ៉ាងកម្សត់។ គេចាំបានដែរថា គ្រានោះមានសប្បុរសជន ជាច្រើនបានចេញមុខជួយយកអាសារមិនតិចនោះទេ រួមទាំងអ្នកដែលបានជួយជ្រោមជ្រែងលោករហូតស្រស់ថ្លាសាច់ឈាមជាមុនឆ្ងាយ ហើយឈ្មោះរបស់លោកក៏ត្រូវបានបង្កើតជាគណនីហ្វេសប៊ុកមួយដាក់ឈ្មោះលោកផ្ទាល់ និងរូបថតលោកផ្ទាល់ ពាក់អាវធំហ៊ឺហាខ្លាំងដោយថែមទាំងប្រកាសលក់រថយន្ត លក់បង្កងអូស្ត្រាលីដែលមានទីតាំងចិញ្ចឹមផ្ទាល់ខ្លួន និងការងារមុខរបរជាច្រើនទៀត រហូតទស្សនិកជនជាច្រើនបានទាំងចូលរួមអបអរសាទរលោកខ្លាំងព្រោះត្រឹមតែរយៈពេលខ្លីវាសនារបស់លោកបានផ្លាស់ប្តូរស្ទើតែ១៨០ដឺក្រេ ពោលគឺគិតថាលោកអាចនឹងក្លាយជាថៅកែមានលុយកាក់ចាយពេញដៃ រថយន្តថ្លៃកប់ពពកជិះជាក់ជាមិនខាន ។ ស្រាប់តែថ្ងៃនេះលោកធ្វើឲ្យគេគ្រប់គ្នាស្រឡាំងកាំងគាំងនិយាយលេងចេញព្រោះលោកបានបញ្ចេញសារខ្លីមានន័យជ្រៅមួយ។ លោកបានបង្ហោះសារថា”ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី អ្វីៗត្រូវតែថ្មីទាំងអស់មិនអាចទ្រាំនៅភាពអត់គ្មានចំណូល៣,៤ខែហើយបានត្រឹមតែល្អមើលខ្ញុំមិនចង់បានភាពហុឺហាគ្មាន១រៀលនោះទេចង់មានមុខរបរតូចតាចរស់ដោយកម្លាំងញើសឈាមមិនចង់ឃើញភាពអត់ឃ្លានដូចមុនទេ”។ សារនេះអមទៅដោយរូបភាពជាមួយមិត្តភក្កិជីតដិតរបស់លោកគឺអតីតកីឡាករប្រដាល់ លោកអេភូថងនោះតែម្តង។ តាមរយៈសារនិងរូបថតនេះដែរក៏បានធ្វើឲ្យមិត្តភក្ដិអ្នកលេងបណ្តាញសង្គមរបស់លោកបានផ្ញើសារលើកទឹកចិត្តគ្រប់ៗគ្នាឲ្យលោកបន្តតស៊ូក្នុងជីវិតផងដែរ។ 

  នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអតីតកីឡាកររូបនេះបាននៅឡើយទេ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖