ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ប្រភេទអូមីក្រុងបាននិងកំពុងចូលដល់សហគមន៍ ត្រូវបន្តការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

ចែករំលែក៖

     ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈ ដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះ ពិសេសគឺការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដុសជំរុញទី៣ និងដូសទី៤ឱ្យបានគ្រប់គ្នា។

    ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នាព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការ បញ្ជូនរូបភាព និងសំឡេង (Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត​ស្ដីពីការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ជំរុញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញនៅសាលារាជធានីភ្នំពេញ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាលនិងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំងដុសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។

   លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបង្កើត ទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ដូសជំរុញទី៣និងដូសទី៤ឱ្យបានគ្រប់គ្នា។លោកបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩ ។

   លោកក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដូសជំរុញនិងដូសទី៤ឱ្យបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅទាហានឬ ចាក់នៅតាមបណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់  ជៀសវាងកុំឱ្យលេចឮពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។

   លោក ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំកន្លែងផ្ដល់​សេវា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤២ទីតាំង ។គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ធ្វើ​ការ​ណែ​នាំ​ដល់​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត ៣ ការពារ ៣កុំ និង​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​មន្ទីរ​អប់រំ យុវជន និង​កីឡារាជធានីភ្នំពេញត្រូវ​ចេញ​លិខិត​ជូន​ដល់​មាតាបិតា​អាណា ព្យាបាល​សិស្សទាំងអស់​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​គ្រប់ៗគ្នា ទាំង​ដូស​មូលដ្ឋាន ទាំង​ដូស​ជំរុញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​តែ​ចូល​មកដល់​សហគមន៍​ហើយ​។

   លោក ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាស់មួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ចំនួន១ម៉ឺនម៉ាស់ និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាស់ចំនួន៥០០០ម៉ាស់ ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះ យើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះឱ្យបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះ ឱ្យបាន។

   លោក ឃួង ស្រេង បានបញ្ជាក់ថា ខណៈ ពិភពលោកទាំងមូល បានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩  តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាននោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏កាន់តែល្អប្រសើរផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖