ក្រុមជម្រើសជាតិនីហ្សេរីយ៉ាបានទទួលជ័យជម្នះជាលើកដំបូងក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Africa Cup of Nations ក្នុងលទ្ធផល១ទល់០ទៅលើក្រុមខ្លាំងអេហ្ស៊ីបដែលជាអតីតម្ចាស់ជើងឯកពានរង្វាន់នេះ៧សម័យកាលមកហើយ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
កីឡាករ Kelechi Iheanacho ជាអ្នករកបានគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់ជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួត Africa Cup of Nations ពូល D របស់ពួកគេ។
ខ្សែប្រយុទ្ធរបស់ក្រុម Leicester City រូបនេះបានបើកការស៊ុតបញ្ចូលទីនៅនាទីទី៣០ ដោយការបញ្ជូនបាល់ពីកីឡាករ Ayodele-Aribo។ក្រុមនីហ្សេរីយ៉ាបានគ្រប់គ្រងបាល់ចេញជាងក្រុមអេហ្ស៊ីបក៏ពិតមែន ប៉ុន្តែមានឱកាសស៊ុតបាល់បញ្ចូលទីតាំងពីតង់ទី១ ដោយអ្នកចាំទីអេហ្ស៊ីប Mohamed El Shenawy មិនអាចសង្គ្រោះបានឡើយ។
គ្រាប់បាល់ជ័យជម្នះរបស់កីឡាករ Iheanacho បានក្លាយជាការស្វាគមន៍ដល់អ្នកគាំទ្រក្រុមនីហ្សេរីយ៉ា ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen, Emmanuel Dennis និង Odion Ighalo ទាំងអស់ត្រូវបានបង្ខំឱ្យចេញពីក្រុមដោយសារបញ្ហាកូវីដ-១៩។
នីហ្សេរីយ៉ា ដែលជាម្ចាស់ជើងឯកទ្វីបអាហ្រ្វិក៣សម័យកាល ដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្នលោកAugustin Eguavoen។ ក្រុមដែលមានរហស្សនាមថា Super Eagles បានបណ្តេញគ្រូបង្វឹកដែលបម្រើការងារជាយូរលោក Gernot Rohr ត្រឹមតែ៤សប្តាហ៍មុនការប្រកួតបន្ទាប់ពីយុទ្ធនាការជម្រុះ World Cupតំបន់អាហ្វ្រិក។
ជ័យជម្នះនេះធ្វើឲ្យក្រុមនីហ្សេរីយ៉ាទទួលបាន៣ពិន្ទុក្នុងពូល D ហើយក្រុមនេះនឹងត្រូវប៉ះក្រុមស៊ូដង់នៅថ្ងៃសៅរ៍បន្តទៀត ខណៈដែលក្រុមអេហ្ស៊ីបប៉ះហ្គីណេ-ប៊ីសា នៅថ្ងៃជាមួយគ្នានេះដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)