ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ​ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។ 

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានការផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសសិង្ហបុរី ។ នៅក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀតទាក់ទងទៅនឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ 

នៅក្នុងឱកាសនោះផងដែរ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយឯកឧត្តមក៏បានអរគុណចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។ លោក Lee Hsien Loong ក៏បានគូសបញ្ជាក់ផងដែរថា ឯកឧត្តមពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។ ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរដើម្បីស្វែងរកដំណោះស្រាយ។ 

ជាចុងក្រោយ លោក Lee Hsien Loong ក៏បាន ឯកភាពជាមួយ សម្ដេចតេជោ នាយករដ្ឋមន្ត្រីថាការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះត្រូវតែមានការជួយដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិនយោបាយនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖